គ.ជ.ប សម្រេចលើកំណត់ហេតុសៀវភៅណែនាំ ឯកសារជំនួយស្មារតី និងខ្លឹមសារអត្ថបទសម្រាប់ថតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

07-05-2026 21:03

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប សៀវភៅណែនាំ ឯកសារជំនួយស្មារតី និងខ្លឹមសារអត្ថបទសម្រាប់ថតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាម របៀបវារៈម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយអង្គប្រជុំគ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ទី២៖ របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលពាក្យពេចន៍ និងបានឯកភាពលើសៀវភៅដែលមានចំណងជើងដូចខាងក្រោម៖

*«សៀវភៅណែនាំសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦» សៀវភៅនេះដែលមានចំនួន ៨៦ ទំព័រ ហើយគោលបំណងនៃសៀវភៅនេះជាការពន្យល់អំពីនីតិវិធី បច្ចេកទេស បទប្បញ្ញត្តិ និងគោលការណ៍សំខាន់ៗនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមកម្មវិធីកុំព្យូទ័រ ដើម្បីឱ្យមន្ត្រីចុះឈ្មោះបោះឆ្នោត ពិសេសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់សិក្សាស្វែងយល់ និងអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទាន់ពេលវេលា និងប្រកបដោយលទ្ធផលល្អ។

*«ឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ឯកសារជំនួយស្មារតីមាន ៧០ទំព័រ ដែលបានដកស្រង់ចេញពីចំណុចគន្លឹះសំខាន់ៗតាមលំដាប់លំដោយពីបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ហើយក៏ជាជំនួយដ៏សំខាន់សម្រាប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ និងរួមសហការអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

និងទី៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួល និងបន្ថែមខ្លឹមសារអត្ថបទ ហើយបានសម្រេចឯកភាពលើខ្លឹមសារអត្ថបទវីដេអូស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជាក់ស្តែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕