អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរដំណាក់កន្សែង ដើម្បីធានាប្រភពទឹកជូនប្រជាពលរដ្ឋក្នុងឃុំផ្ទះរុង

07-05-2026 21:17

(ពោធិ៍សាត់)៖ កាលពីពេលថ្មីៗនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃគម្រោងស្តារអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដែលជាកិច្ចសន្យាឆ្លើយតបនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។

ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រឿងចក្រ ដែលបានខិតខំអនុវត្តការងារយ៉ាងសកម្ម បន្ទាប់ពីលោកបានដាក់បទបញ្ជាកាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ។ បច្ចុប្បន្នវឌ្ឍនភាពការងារសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការបម្រើផលប្រយោជន៍សាធារណៈឱ្យបានទាន់ពេលវេលា។

លោក ខូយ រីដា បានបញ្ជាក់យ៉ាងច្បាស់ថា យើងត្រូវតែពន្លឿនការងារស្តារអូរនេះឱ្យបានរួចរាល់មុនរដូវវស្សាធ្លាក់ខ្លាំងមកដល់ ដើម្បីប្រែក្លាយទីតាំងនេះ ទៅជាអាងស្តុកទឹកយុទ្ធសាស្ត្រ ជម្រកត្រីមេពូជ សម្រាប់ជួយបងប្អូនកសិករបង្កបង្កើនផល និងជួយរំដោះទឹកចេញពីលំនៅឋាន កាត់បន្ថយការលិចលង់ឱ្យមានប្រសិទ្ធភាពបំផុត។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានណែនាំបន្ថែមដល់អាជ្ញាធរស្រុក និងឃុំ ត្រូវបន្តតាមដាន និងសម្របសម្រួលរាល់ផលប៉ះពាល់ផ្សេងៗជាមួយពលរដ្ឋក្នុងមូលដ្ឋាន ដោយឈរលើគោលការណ៍យោគយល់ និងតម្កល់ប្រយោជន៍រួមជាធំ ដើម្បីឱ្យគម្រោងនេះបញ្ចប់ទៅដោយជោគជ័យ និងមានតម្លាភាព៕