វិភាគអន្តរជាតិ៖ អ្វីទៅជា Hantavirus ដែលសម្លាប់មនុស្ស ៣នាក់ នៅលើកប៉ាល់ទេសចរណ៍?
07-05-2026 22:15
(វ៉ាស៊ីនតោន)៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ពីការផ្ទុះករណីសង្ស័យឆ្លងមេរោគ Hantavirus នៅលើកប៉ាល់ទេសចរណ៍ដ៏ប្រណិតមួយ ក្នុងតំបន់មហាសមុទ្រ Atlantic ដោយបានសម្លាប់មនុស្ស៣នាក់ និង៣នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។ ការផ្ទុះរាលដាលមេរោគខាងលើបានកើតឡើងនៅលើកប៉ាល់ឈ្មោះ MV Hondius ដែល ធ្វើដំណើរចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ប្រទេសកាប់វែរ។ កប៉ាល់ទេសចរណ៍ Hondius ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Oceanwide Expeditions របស់ ហូឡង់ និងមានអ្នកដំណើរ រួមទាំងអ្នកធ្វើការនៅលើកប៉ាល់ជិត ១៥០នាក់។ មកទល់នឹងពេលនេះ WHO បាននិយាយថាការគំរាមកំហែងទ្រង់ទ្រាយធំពី Hantavirus ចំពោះសុខាភិបាលសាធារណៈនៅមានកម្រិតទាបនៅឡើយ។
* អ្វីទៅជា Hantavirus?
Hantavirus ជាមេរោគដ៏កាចសាហាវម្យ៉ាងដែលចម្លងជំងឺតាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងទឹកនោម និងលាមករបស់ពពួកសត្វកកេរមានផ្ទុកមេរោគនេះតួយ៉ាងដូចជាសត្វកណ្ដុរ។ មេរោគនេះដែល ជាទូទៅចម្លងជំងឺពីសត្វទៅមនុស្ស អាចបង្កជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងររហូតដល់អាចផ្ដាច់យកជីវិតមនុស្សបាន។ WHO បានវាយតម្លៃថាមនុស្សពី ១០ ០០០ ដល់ ១០០ ០០០នាក់បានឆ្លងមេរោគនេះ ជារៀងរាល់ឆ្នាំ នៅជុំវិញពិភពលោក ជាមួយករណីឈឺធ្ងន់ ឬស្រាល អាស្រ័យលើប្រភេទនៃមេរោគចម្លងជំងឺ។ បើតាមក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រ Hantavirus មានមេរោគច្រើនប្រភេទផ្សេងៗគ្នា ដូចជា Andes និង Sin Nombre។ ការធ្វើតេស្ដនៅមន្ទីរពិសោធបានបង្ហាញថាមេរោគ Hantavirus ផ្ទុះរាលដាលនៅលើកប៉ាល់ទេសចរណ៍ MV Hondius ជាប្រភេទមេរោគ Andes ដែលជា ធម្មតាឆ្លងរាលដាល នៅក្នុងតំបន់អាមេរិកខាងត្បូងរួមមានទាំងអាហ្សង់ទីនជាទីដែលកប៉ាល់ MV Hondius បានចាកចេញដំណើរកាលពីថ្ងៃទី១ ខែមេសា។
មន្ត្រី WHO បានឱ្យដឹងថាករណីឆ្លងមេរោគ Hantavirus ដំបូងបានកើតឡើងលើប្ដីប្រពន្ធមួយគូរដែលត្រូវបានជឿថាបានឆ្លងមេរោគនេះ មុននឹងពួកគេឡើងជិះកប៉ាល់ ក្នុងប្រទេសអាហ្សង់ទីន។ ប្រភេទភាគច្រើននៃមេរោគ Hantavirus ឆ្លងតាមរយៈការប៉ះពាល់លាមក ទឹកនោម និងទឹកមាត់របស់ពពួកសត្វកកេរដូចជាសត្វកណ្ដុរមានផ្ទុកមេរោគ ជាពិសេសនៅពេលដែលមនុស្សស្រូបយក ភាគល្អិតតូចៗនៃមេរោគ។ ក្នុងចំណោមមេរោគ Hantavirus មេរោគប្រភេទ Andes គឺជាមេរោគតែមួយគត់ដែលគេរកឃើញថាអាចចម្លងជំងឺពីមនុស្សទៅមនុស្ស ទោះនេះជាករណីកម្រក៏ដោយ។
ខុសពីកូវីដ១៩ និងជំងឺផ្ដាសាយ មេរោគប្រភេទ Andes មិនអាចចម្លងជំងឺពីមនុស្សទៅមនុស្សបានដោយងាយស្រួលនោះទេ។ មេរោគផ្ដាសាយ និងកូវីដ១៩ អាចចម្លងជំងឺពីមនុស្សទៅមនុស្សបាន យ៉ាងងាយស្រួល ដោយសារតែមេរោគទាំងនេះអាចបង្កើនចំនួនមេរោគក្នុងកម្រិតខ្ពស់នៅតំបន់ច្រមុះ និងបំពង់ក។ ចំណែក Hantavirus វិញមិនអាចចម្លងមេរោគបានដោយងាយស្រួលទេ ពីព្រោះ វាជ្រៀតចូលទៅយ៉ាងជ្រៅក្នុងសួត និងសសៃឈាម ដូច្នេះហើយទើបវាមិនងាយស្រួលបញ្ចេញចេញពីរាងកាយមនុស្សដែលមានផ្ទុកមេរោគចម្លងជំងឺទៅអ្នកដទៃ។ អ្នកដែលស្ថិតក្នុងចំណោមក្រុមមនុស្ស មានហានិភ័យខ្ពស់នៃការចម្លងពីមនុស្សទៅមនុស្ស គឺជាក្រុមមនុស្សដែលស្ថិតនៅកន្លែងបិទជិតរយៈពេលយូរជាមួយអ្នកមានផ្ទុកមេរោគ Hantavirus ដូចជាបុគ្គលិកសុខាភិបាល ឬអ្នករស់នៅក្នុងផ្ទះ ជាមួយគ្នា។ ជាក់សែ្តង អ្នកដំណើរ២នាក់ដែលបានស្លាប់ដោយសារមេរោគ Hantavirus នៅលើកប៉ាល់ទេសចរណ៍ខាងលើគឺជាប្ដីប្រពន្ធនឹងគ្នា។
ទាំងមេរោគ Andes និង Sin Nombre អាចបង្ករោគសញ្ញានៃជំងឺផ្លូវដង្ហើម hantavirus pulmonary syndrome ជាលក្ខខណ្ឌមួយដែលចាប់ផ្ដើមជាមួយរោគសញ្ញាដូចគ្នាទៅនឹងជំងឺផ្ដាសាយ គ្រុនក្ដៅ និងគ្រុនញាក់ ហើយវិវត្តន៍យ៉ាងលឿនរហ័សទៅជាបញ្ហាសួត និងពិបាកដកដង្ហើម។ បច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺបង្កឡើងដោយមេរោគ Hantavirus នៅឡើយទេ ដូច្នេះគ្រូពេទ្យ អាចផ្ដល់ការថែទាំព្យាបាលទៅតាមរោគសញ្ញាក្នុងនោះរួមមានការដាក់អុកស៊ីសែន ឬឧបករណ៍ជំនួយសួត និងបេះដូង។ ការប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលឱ្យបានត្រឹមត្រូវ អាចមានឱកាសជាសះស្បើយខ្ពស់។
គួរជម្រាបជូនថា ជាវិធានការបង្ការការពារ គេគួរតែមានការប្រុងប្រយ័ត្ននៅពេលបោសសម្អាតលាមករបស់ពួកគេសត្វកកេរ ជាពិសេសគឺសត្វកណ្ដុរ ដោយត្រូវពាក់ស្រោមដៃ និងម៉ាស N95 ព្រមទាំង ត្រូវលាងសម្អាតដៃជាប្រចាំ៕








