សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្តោតលើភាពទទួលបានការងារ និងសហគ្រិនភាពរបស់និស្សិត

08-05-2026 11:18

(ភ្នំពេញ)៖ និស្សិតជាងពីររយនាក់ផ្នែកច្បាប់ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានរៀបចំវេទិកាការងារខ្នាតតូច ដែលរៀបចំឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។

កម្មវិធីនេះ ទទួលបានការគាំទ្រពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) និងក្រោមហិរញ្ញប្បទានពីមូលនិធិ Fonds Équipe France នៃស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងក្របខណ្ឌគម្រោង «ពង្រឹងរូបភាពភាសាបារាំងជាភាសានៃឱកាសសិក្សា ការងារ និងការបង្កើនសមត្ថភាពការងារ »

វេទិកាមួយដើម្បីភ្ជាប់និស្សិត និងអ្នកជំនាញវិជ្ជាជីវៈ ក្នុងពិធីបើក លោក Laurent Mesmann តំណាងសាកលវិទ្យាធិកានិងជាទីប្រឹក្សាពិសេស ប្រធានគម្រោងថ្នាក់ពិសេសជាភាសាបារាំង នៃសាកលវិទ្យាល័ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរំលឹកអំពីបេសកកម្មសំខាន់របស់ស្ថាប័នថា «បេះដូងនៃបេសកកម្មរបស់យើងនៅ RULE ជាពិសេសក្នុងកម្មវិធី បណ្តុះបណ្តាលសញ្ញាបត្រពីរសហការណ៏ជាមួយសាកលវិទ្យាល័យ Lumière Lyon 2 គឺរៀបចំបណ្តុះបណ្តាលនិស្សិតផ្នែកច្បាប់និងសេដ្ឋកិច្ច-គ្រប់គ្រង ឱ្យត្រៀមខ្លួនសម្រាប់ការពិតនៃទីផ្សារការងារ»

លោកក៏បានលើកទឹកចិត្តនិស្សិតឱ្យយកអត្ថប្រយោជន៍ពីសមត្ថភាពពិសេសរបស់ខ្លួន «ការចេះពីរភាសា ឬបីភាសា រួមជាមួយវប្បធម៌ទ្វេរផ្នែកច្បាប់ ឬសេដ្ឋកិច្ច គឺជាចំណុចខ្លាំងដ៏កម្រ។ ចូរប្រើវាឲ្យមានសក្តានុពល»

កម្មវិធីនេះ មានការចូលរួមផងដែរពីលោកស្រី Élodie Wynar ភារៈធារីទទួលបន្ទុកកិច្ចសហប្រតិបត្តិការភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក អ៊ឹម គ្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំនៅកម្ពុជា ព្រមទាំងសាស្ត្រាចារ្យនិងអ្នកជំនាញមកពីស្ថាប័នសាធារណៈ និងឯកជនជាច្រើន។

សម្រាប់លោក អ៊ឹម គ្រាវង្ស លោកបានគូសបញ្ជាក់ពីការវិវត្តនៃបេសកកម្មអប់រំនៅឧត្តមសិក្សាថា «ការបណ្តុះបណ្តាលសព្វថ្ងៃ មិនមែនត្រឹមតែផ្ទេរចំណេះដឹងជំនាញប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវត្រៀមសម្រាប់មុខរបរដែលកំពុងផ្លាស់ប្តូរ អភិវឌ្ឍជំនាញនាសតវត្សទី២១ លើកកម្ពស់សហគ្រិនភាព ជំរុញការចល័តជាលក្ខណៈអន្តរជាតិ និងគាំទ្រនិស្សិតឱ្យមានជំនាញ បើកចំហទៅកាន់ពិភពលោក»

លោកក៏បានរំលឹកផងដែរថា «បច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើមាគ៌ាសិក្សានិងមុខរបរ » ហើយ AUF កំពុងវិនិយោគលើការអភិវឌ្ឍជំនាញឌីជីថល និងនវានុវត្តន៍ផ្នែកអប់រំ»

ការរីកចម្រើនដ៏សំខាន់៖ ស្ថានភាពជាតិនិស្សិត-សហគ្រិនការប្រកាសសំខាន់បំផុតនៃវេទិកានេះ គឺការអនុវត្ត «លក្ខន្តិកៈជាតិនិស្សិត-សហគ្រិន» (SNEE) នៅ RULE ។ លក្ខន្តិកៈនេះត្រូវបានអនុម័តជាផ្លូវការ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្លាយជាប្រទេសទី១៣ ក្នុងចំណោមប្រទេសប្រើប្រាស់ភាសាបារាំង ដែលអនុវត្តជំហាននេះដោយមានការគាំទ្រពី AUF។

គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យនិស្សិតអាចអភិវឌ្ឍសហគ្រាស និងសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន តាំងពីនៅសាកលវិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាពការងាររបស់ពួកគេ។

កិច្ចពិភាក្សា៖ កម្មសិក្សា ការចល័តអន្តរជាតិ និងសហគ្រិនភាព បន្ទាប់ពីពិធីបើកវេទិការការងារ មានការរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «កសាងអនាគតវិជ្ជាជីវៈរបស់ខ្លួន៖ កម្មសិក្សា ការចល័តជាលក្ខណៈអន្តរជាតិ និងសហគ្រិនភាពជាយុទ្ធសាស្ត្រសំខាន់» ដែលដឹកនាំដោយអ្នកជំនាញ និងអតីតនិស្សិត RULE ចំនួនបីរូប។ ពួកគេបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីទីផ្សារការងារ និងការសិក្សានៅបរទេស។

សក្ខីកម្មជំរុញទឹកចិត្ត កញ្ញា ប៉ុក ចក្រីមរកត មេធាវី និងអតីតនិស្សិតអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង បានចែករំលែកបទពិសោធន៍ការងាររយៈពេលដប់ឆ្នាំជាមួយយុវជនចូលរួម។
«ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងបារាំង និងកម្ពុជា ខ្ញុំអាចបន្តការសិក្សានៅប្រទេសបារាំង ហើយសព្វថ្ងៃមានការងារល្អមួយ»

សាររបស់នាងទៅកាន់និស្សិតគឺ «ត្រូវមានទំនុកចិត្តលើខ្លួនឯង។ រាល់ការប្តេជ្ញាចិត្ត និងគោលដៅដែលយើងដាក់ចិត្តធ្វើ តែងតែមានផ្លូវបើកចំហសម្រាប់យើង»
ចំណែកនិស្សិតវិញ លោក វុឌ្ឍី ច័ន្ទប្រមុខ និស្សិតឆ្នាំទី៣ ផ្នែកច្បាប់ បានចាត់ទុកវេទិកានេះថាជា «ឱកាសដ៏ល្អ»«វាបានបើកទ្វារមួយសម្រាប់ខ្ញុំ។ នៅពេលអនាគត ខ្ញុំចង់ក្លាយជាមេធាវីផ្នែកពន្ធដារ ព្រោះខ្ញុំចូលចិត្តលេខ និងចង់យល់ពីដំណើរការងារផ្នែកពន្ធដារ»

កញ្ញា ង៉ាន សោភី និស្សិតឆ្នាំទី៤ ចាប់អារម្មណ៍លើអាជីពអន្តរជាតិ បានថ្លែងថា «យើងអាចរៀនបានច្រើនពីជីវិតការងារ ហើយវាផ្តល់បទពិសោធន៍ នៅពេលដែលយើងត្រូវការសម្រាប់អាជីព។ សម្រាប់ខ្ញុំ ខ្ញុំចង់ក្លាយជាមន្ត្រីម្នាក់ក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»

លោក ប៉េង ច័ន្ទរក្សា ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបណ្តាញទំនាក់ទំនងផងដែរថា «នេះជាឱកាសដ៏ល្អក្នុងការភ្ជាប់ទំនាក់ទំនងជាមួយបងៗ និងតំណាងក្រុមហ៊ុនផ្សេងៗនៅតាមស្តង់ ដែលអនុញ្ញាតឱ្យខ្ញុំដាក់ពាក្យសុំកម្មសិក្សា និងការងារ»

លោកបានបន្ថែមថា «អ្វីដែលជំរុញទឹកចិត្តខ្ញុំពីវាគ្មិន គឺពួកគេបានចាប់ផ្តើមពីការដាក់ពាក្យសុំកម្មសិក្សា និងការងារ ហើយបានចែករំលែកបទពិសោធន៍ជីវិតសិក្សានៅបរទេស ព្រមទាំងរបៀបត្រៀមខ្លួនសម្របខ្លួនទៅនឹងជីវិតថ្មី ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ នេះជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ»។ លោកមានគម្រោងបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង ប្រសិនបើមានឱកាស។

ប្រព័ន្ធគាំទ្រដ៏ពេញលេញ កញ្ញា Eudœxie Gervais អ្នកស្ម័គ្រចិត្តនៅ RULE និងសមាជិកក្រុមការងាររៀបចំកម្មវិធីវេទិការការងារ បានពន្យល់អំពីចក្ខុវិស័យទូលំទូលាយនៃគម្រោង ៖

«គោលបំណងគឺបង្ហាញនិស្សិតអំពីឱកាសទាំងអស់ដែលពួកគេមានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ មិនត្រឹមតែសម្រាប់និស្សិតឆ្នាំចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់និស្សិតឆ្នាំទី១ និងទី២ផងដែរ»

នាងក៏បានរៀបរាប់ពីគម្រោងជាច្រើនដែលអនុវត្តដោយមានការគាំទ្រពី AUF «យើងកំពុងអនុវត្តគម្រោងជាច្រើនដែលជួយឱ្យនិស្សិតអភិវឌ្ឍជំនាញនិងពង្រឹងសមត្ថភាពការងារ។ អស់រយៈពេលប៉ុន្មានខែមកនេះ ដោយមានការគាំទ្រពី AUF យើងបានបោះពុម្ពព្រឹត្តិបត្រមួយ ដើម្បីជួយនិស្សិតអភិវឌ្ឍជំនាញភាសាបារាំង ការសរសេរ និងការបកប្រែ ព្រមទាំងរៀបចំជំនួបជាមួយអតីតនិស្សិត និងអនុវត្តស្ថានភាពនិស្សិត-សហគ្រិន។ វាពិតជាសំខាន់ណាស់សម្រាប់សមត្ថភាពការងាររបស់ពួកគេ»

វេទិកាការងារខ្នាតតូចនេះ បង្ហាញពីបំណងប្រាថ្នារបស់ RULE ដោយសហការជាមួយ AUF និងស្ថានទូតបារាំង ក្នុងការធ្វើឱ្យភាសាបារាំងក្លាយជា « ស្ពានឆ្ពោះទៅកាន់ពិភពវិជ្ជាជីវៈ » សម្រាប់យុវជនកម្ពុជា៕