ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ចូលរួមសម្ពោធពិព័រណ៍ពាណិជ្ជកម្ម «ASEAN Panorama» ដើម្បីជំរុញភាពជាដៃគូអាជីវកម្មអាស៊ាន-កូរ៉េ

08-05-2026 12:21

(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Panorama) ដែលរៀបចំដោយមជ្ឈមណ្ឌលអស៊ាន-កូរ៉េ (ASEAN- Korea Center-AKC) ជាមួយបណ្តាអង្គទូតប្រទេសអាស៊ាន នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្នុងទីក្រុងសេអ៊ូល។

កម្មវិធីពិព័រណ៍ខាងលើ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ភាពជាដៃគូអាជីវកម្មរវាងបណ្តាក្រុមហ៊ុននៃប្រទេសអាស៊ាន ដោយមានរៀបចំជំនួបធុរកិច្ច និងសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ។

លើសពីនេះ កម្មវិធីមានរៀបចំដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរួមមាន ផលិតផលសិប្បកម្ម សម្លៀកបំពាក់ ម្ហូបអាហារ និងភេសជ្ជៈ ផលិតផលហាឡាល់ រួមទាំងទំនិញប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយដាក់តាំងបង្ហាញផលិតផលតាមវេនប្រទេសអាស៊ាន ហើយផលិតផលរបស់ប្រទេសកម្ពុជានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ នៅខែមិថុនាខាងមុខនេះផងដែរ៕