ប្រធានបេសកកម្មប្តូរវេននៃក្រុមអ្នកសង្កេតការណ៍អាស៊ានថ្មី ប្តេជ្ញាបន្តបេសកកម្ម និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

08-05-2026 12:53

(ភ្នំពេញ)៖ លោកឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំកម្ពុជា បានប្តេជ្ញាបន្តបេសកកម្ម របស់ខ្លួនឱ្យបានល្អ និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីផ្ទេរនិងប្រគល់ភារកិច្ច ប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ានបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលបានប្រព្រឹត្តទៅនៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយលោក គ្លេន ហ្ស៊ី ឌីហ្សុន នឹងបំពេញបេសកកម្មបន្តពី វរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ដែលបានបញ្ចប់អាណត្តិ។ ពិធីនេះ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិកម្ពុជាផងដែរ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ក៏បានបង្ហាញសាជាថ្មីអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ និងខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មីថា កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕