ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង៖ ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗ នឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុក និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន

08-05-2026 14:20

(កំពង់ធំ)៖ លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រព័ន្ធប្រឡាយខ្វាត់ខ្វែងថ្មីៗ នឹងជួយរំដោះទឹកជំនន់ពីទីរួមស្រុកស្ទោង និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន មួយកម្រិតទៀត។

លោក ផាង វី ដែលមានតួនាទីជាប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី ព្រមទាំងលោក សាយ គឹម ឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជីកប្រឡាយនិងប្រព័ន្ធធារាសាស្ត្រថ្មីៗ និងចាក់ដីពង្រីកថ្នល់តាឈុំនៅក្នុងឃុំទ្រា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដល់សុខទុក្ខសុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក និងក្រុមការងារ បានកសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ផ្លូវ ប្រព័ន្ធប្រឡាយមេ បងសិល្បៈការ្យជាច្រើន និងប្រព័ន្ធប្រឡាយជើងក្អែបខ្វាត់ខ្វែង ដូចការចុះមើលវឌ្ឍនភាពនៅក្នុងឱកាសនេះជាតឹកតាងស្រាប់។

ទន្ទឹមនឹងនេះ ប្រព័ន្ធប្រឡាយ ចែកចាយ និងរំដោះទឹកនេះនិងផ្លូវអមប្រឡាយដែលសាងសង់នៅក្នុងឱកាសនេះ គឺជាផ្លូវគមនាគមន៍ដ៏មមាញឹក និងសកម្មសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជាផ្លូវថ្មីសម្រាប់សិស្សានុសិស្ស នៃវិទ្យាល័យរស្មីសោភ័ណ ក្នុងការធ្វើដំណើរទៅមកសាលារៀន បានងាយស្រួល និងប្រសើរជាងមុនជាពិសេសកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរប្រចាំថ្ងៃថែមទៀតផង។

សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយរំដោះទឹករួមជាមួយនិងសំណង់សិល្បការ្យចំនួន៤កន្លែង លូរំដោះទឹកប្រវែង៨៦ម៉ែត្រ និងការចាក់ដីពង្រីកផ្លូវថ្នល់តាឈុំមុខស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងប្រវែង៣០០ម ទទឹង ៦ម៉ែត្រគឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ថោ ជេដ្ឋា ដែលប្រព័ន្ធប្រឡាយប្រវែង ២,៥០០ម៉ត្រ សម្រេចបាន ៧0% និងការចាក់ពង្រីកផ្លូវបាន ៩0%ហើយ៕