ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះស្វែងយល់ពីរបៀបប្រើជីសរីរាង្គ និងឈប់ប្រើប្រាស់សារធាតុគីមីពុលដែលនាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នៅស្រុកកំពង់ត្របែក (Video inside)
08-05-2026 14:25
(ព្រៃវែង)៖ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រី នៃការិយាល័យជំនាញរបស់មន្ទីរ និងពលរដ្ឋមកពី៣ភូមិ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចុះសិក្សាឈ្វេងយល់អំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ជីសរីរាង្គ និងឈប់ប្រើប្រាស់សារធាតុគីមីពុលដែលនាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
ផ្ដល់បទសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Fresh News លោក ឡុក វុឌ្ឍី បានថ្លែងថា លោកបានដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីអភិវឌ្ឍន៍ជនបទខេត្ត រួមមាន៖ ការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យសេដ្ឋកិច្ចជនបទ ការិយាល័យបណ្ដុះបណ្ដាល ក្នុងនោះមានការចូលរួមពីសហគមន៍ ៣ភូមិ មានភូមិបឹងវែង គឺជាភូមិគំរូដែលជាប់ចំណាត់ថ្នាក់ផ្កាយ២។
ពីរភូមិទៀត ត្រូវបានជ្រើសរើសនៅឆ្នាំ២០២៦ ជាភូមិគំរូដើម្បីចូលជាចំណាត់ថ្នាក់ផ្កាយ១ ផ្កាយ២ ផ្កាយ៣ តាមលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មការរបស់ក្រសួង សរុបសិក្ខាកាមដែលមកទស្សនកិច្ចសិក្សានេះមានចំនួន៣០នាក់។
លោកបានបន្តថា ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋទាំង៣ភូមិដែលជាគំរូរបស់យើងនេះ នឹងក្លាយទៅជាភូមិមានប្រើប្រាស់ជីសរីរាង្គ ហើយក្នុងនោះយើងបានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋាន ភូមិសុខារាវី ដែលមានលោកមហាឧបាសក អៀង សុធារ៉ា បានសហការគ្នា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មកមើលដំណាំដាំដុះជាក់ស្ដែងនឹងមើលពីការផលិតជីកំប៉ុកសិរីរាង្គដែលកំពុងផលិត នៅទឹកដីស្រុកកំពង់ត្របែក ក្នុងភូមិសុខារាវី។
លោកបានគូសបញ្ជាក់ថា ជាលទ្ធផលដំណាំដែលដាំដុះនៅក្នុងរមណីយដ្ឋានភូមិសុខារាវីគឺល្អ រហូតដល់ពួកគាត់បានសាកភ្លក់រសជាតិផ្លែពោតបារាំង គឺខុសរសជាតិដែលបានដាំនៅឯផ្ទះរបស់ពួកគាត់ ដោយសារពោតបារាំងដាំ នៅភូមិសុខារាវី ប្រើប្រាស់ដោយជីសរីរាង្គ មានលក្ខណៈពិសេសធ្វើឱ្យមានផ្លែធំល្អ មានរសជាតិឆ្ងាញ់ ធានាគុណភាព។
ជាមួយគ្នានេះ លោកធ្លាប់ទទួលបានជីសេរីរាង្គពីលោកមហាឧបាសក អៀង សុធារ៉ា នៅលើកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងកាលពីពេលថ្មីៗនេះដែរ ហើយក៏បានយកទៅពិសោធន៍ប្រើប្រាស់ឃើញថា ល្អប្រើពិតប្រាកដមែន។
ក្នុងឱកាសនោះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង សូមចូលរួមប្រើប្រាស់ជីសរីរាង្គទាំងអស់គ្នា ដើម្បីអាហារ និងសុខភាពរបស់យើង ព្រោះវាជាកត្តាដ៏សំខាន់ សុខភាពអាស្រ័យ ទៅលើការហូបអាហារ មានគុណភាព។
បន្ថែមលើសពីនេះ ទាំងមន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលបានមកសិក្សារៀនសូត្រនៅទីនេះ សូមយកបទពិសោធន៍ក៏ដូចជាមេរៀនអំពីការប្រើប្រាស់ជាសរីរាង្គ យកទៅផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ឲ្យបានទូលំទូលាយ ដើម្បីសុខភាពល្អ សហគមន៍ រីកចម្រើនគ្មានជំងឺរ៉ាំរ៉ៃ៕













