គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ៣៣%

08-05-2026 14:31

(កណ្ដាល)៖ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ សម្រេចលទ្ធផលជារួមបានប្រមាណ ៣៣% ហើយ ដោយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងឱកាសដែលលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងមន្ត្រីជំនាញ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS តំណាងEDCF និងមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ។

ដំណើរបេសកកម្មនេះធ្វើឡើងដើម្បីចុះពិនិត្យវឌ្ឍនភាពការងារនៅតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែមេសា នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ក្រោមហិរញ្ញប្បទានពីមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងត្រូវបានបែងចែកជាពីរផ្នែកធំៗ រួមមាន៖

១៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥,៣គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង៥គីឡូម៉ែត្រ ព្រមទាំងការសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕