មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តកោះកុង ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
08-05-2026 14:34
(កោះកុង)៖ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអភិវឌ្ឍគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ប្រចាំឆ្នាំ២០២៦។
ក្នុងនោះមានការចូលរួមពីលោក ហាក់ ឡេង អភិបាលរងខេត្ត, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង, លោកស្នងការខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូប។
លោក ហាក់ ឡេង បានលើកឡើងថា ដោយអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក្រុមប្រឹក្សាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអនុវត្តសកម្មភាពការងារ និងសម្រេចលទ្ធផលយ៉ាងច្រើន មានដូចជា ការផ្ដល់សេវាសាធារណៈឲ្យបានកាន់តែប្រសើរឡើង ទទួលពាក្យបណ្ដឹងតាមការិយាល័យប្រជាពលរដ្ឋ អាជ្ញាធរខេត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលនូវបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងស៊ីសង សុវត្ថិភាពសាធារណៈ គ្រោះថ្នាក់ចរាចរណ៍ការជួញដូរមនុស្ស ហិង្សា និងក្មេងទំនើង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អនាម័យបរិស្ថាន ការឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតផ្សេងៗ។
លោកអភិបាលរង បានបន្ថែមថា អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយសុវត្ថិភាព ភូមិ ឃុំសង្កាត់ ឲ្យបានរឹងមាំដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឲ្យពួកគាត់មានទំនុកទុកចិត្តមកលើសមត្ថកិច្ច។
ជាមួយគ្នានេះ លោក នៅ លក្ខណា បានគូសបញ្ជាក់ថា គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតានោះទេ ប៉ុន្តែវាគឺជា «បេះដូង» នៃវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជាគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍជាតិទាំងមូល។ លោកបានជំរុញឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាលើកកម្ពស់សកម្មភាពនេះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកក៏បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្លាំងមូលដ្ឋាន ដោយបានស្នើឲ្យមានការលើកទឹកចិត្តដល់ប្រជាការពារ ដែលជាអ្នកលះបង់កម្លាំងកាយចិត្តយ៉ាងធំធេង ក្នុងការបម្រើការពារសហគមន៍ និងរកវិធីការដោះស្រាយវិវាទនានា នៅក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើតភាពសុខដុមរមនាក្នុងមូលដ្ឋាន។ បង្កើនការបង្ក្រាបបទល្មើសអនឡាញ ដែលជាបញ្ហាប្រឈមថ្មីនាពេលបច្ចុប្បន្ន និងយកចិត្តទុកដាក់លើការថែរក្សាអនាម័យ និងបរិស្ថានក្នុងភូមិឃុំ។
លោកបានកោតសរសើរដល់អាជ្ញាធរ និងសមត្ថកិច្ចជាលទ្ធផល សម្រាប់ការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងខេត្តកោះកុង សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងការងាររហ័ស៕
















