* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ បើកកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ ដើម្បីដាក់បញ្ចូលផែនការអាទិភាពជាតិទៅក្នុងកម្មវិធីភាពជាដៃគូ ILO TRIANGLE ដំណាក់កាលទី៣

08-05-2026 15:04

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន, ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Fairfield Hotel by Marriott រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់អង្គការ ILO តាមរយៈកម្មវិធីត្រីកោណដែលបានអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ២០១០ រហូតឈានដល់ដំណាក់កាលទី៣ នាពេលនេះ។ លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ជាចំណុចអាទិភាពទី៩ ក្នុងគោលដៅពង្រីកទីផ្សារការងារក្រៅប្រទេសដោយស្របច្បាប់ និងពង្រឹងកិច្ចគាំពារសង្គមឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ក្រសួងក៏បាន និងកំពុងលើកកម្រិតគោលនយោបាយទៅជា «គោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោកស្រីក៏បានរំលឹកពីបញ្ហាប្រឈមនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលករខ្មែរ បានវិលត្រឡប់មកមាតុភូមិវិញយ៉ាងគំហុក។ ចំពោះមុខស្ថានភាពនេះ រាជរដ្ឋាភិបាលបានចាត់វិធានការសង្គ្រោះបន្ទាន់ដោយផ្តល់មធ្យោបាយដឹកជញ្ជូន អាហារ និងការសម្របសម្រួលនៅព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុត។ តាមរយៈយន្តការលេខទូរស័ព្ទ Hotline ១២៩៧ និងការរៀបចំវេទិកាការងារជាច្រើនទីតាំង ក្រសួងបានជួយឱ្យពលកររាប់សិបម៉ឺននាក់ ទទួលបានការងារធ្វើក្នុងស្រុកវិញប្រកបដោយជោគជ័យ។ លើសពីនេះ ដើម្បីទប់ស្កាត់ការចាញ់បោកមេខ្យល់ ក្រសួងបានដំឡើងប៉ាណូផ្សព្វផ្សាយនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗផងដែរ។

ជាកិច្ចការបន្តសម្រាប់ឆ្នាំ២០២៦ លោកជំទាវបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦តទៅ រាជរដ្ឋាភិបាលផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ដោយឥតគិតថ្លៃលើមុខជំនាញចំនួន៨ ជូនដល់អតីតពលករមកពីប្រទេសថៃ ដើម្បីប្រែក្លាយបទពិសោធការងារជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារដែលមានចំណូលខ្ពស់។

ជាមួយគ្នានេះ លោកស្រីបានផ្តល់អនុសាសន៍ដល់ដៃគូពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ពិគ្រោះយោបល់លើក្របខ័ណ្ឌកម្មវិធី ILO TRIANGLE ឱ្យស្របតាមផែនការអាទិភាពជាតិ៕