លោកសន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ (Video inside)
08-05-2026 15:39
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកឡើងវិញអំពីទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដែលត្រូវបានពូនជ្រំឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក លី ក្វាន់យូ (Lee Kuan Yew) ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ និងបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ហើយការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្ដាចពីការចូលរួមចំណែករបស់សិង្ហបុរីនោះដែរ។
លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរិភាព ក្នុងនោះបច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។ លោកបន្ដថា បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយក្រុមឧក្រិដ្ឋជនភាគច្រើនជាជនបរទេស។
លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា បទល្មើស Online Scams ក៏ជាបញ្ហាសកល និងជាបទល្មើសឆ្លងដែនមួយ ដែលទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយគ្នា។
ជាការឆ្លើយតប លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណលោកសន្ដិបណ្ឌិត នេត សាវឿន ដែលឆ្លៀតពេលដ៏មមាញឹក ដើម្បីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកនៅពេលនេះ។ លោកក៏បានមើលឃើញថា ទំនាក់ទំនងសិង្ហបុរី-កម្ពុជា បានឆ្លងកាត់ច្រើនដំណាក់កាលតាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតមកដល់ពេលបច្ចុប្បន្ន ហើយថ្នាក់ដឹកនាំជំនាន់ថ្មី នៃប្រទេសទាំងពីរនៅតែបន្តពង្រឹងទំនាក់ទំនងល្អរវាងគ្នា និងគ្នា។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតសំខាន់លើ ការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងយកចិត្តទុកដាក់លើជនរងគ្រោះដោយសារគ្រឿងញៀន។ បញ្ហាចម្បងមួយទៀត គឺការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាបញ្ហាសកលទាមទារឲ្យមានការឆ្លើយតបជាសកល ដោយមិនមែនសម្រាប់តែប្រទេសណាមួយដែលអាចដោះស្រាយបានតែឯងទេ។
លោកបានបន្ដថា សិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដូចជាជាមួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជាជាមួយសម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏មានបំណងក្នុងការពង្រីកនូវសមាជិកភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
បើតាមលោកឯកអគ្គរដ្ឋទូត, សិង្ហបុរីបានផ្តល់ការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា និងបានរៀបចំសិក្ខាសាលាពាក់ព័ន្ធការគ្រប់គ្រងកាស៊ីណូ និងវិធីសាស្ត្រក្នុងស៊ើបអង្កេតបទល្មើស។ សិង្ហបុរីត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ត្រី និងការតាមចាប់ខ្លួនឧក្រិដ្ឋជន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរទំនាក់ទំនងគ្នាកាន់តែញឹកញាប់ទាំងរវាងថ្នាក់ដឹកនាំ ទាំងក្នុងក្របខ័ណ្ឌការងារអនុវត្តច្បាប់ និងការងារការទូត។
ជាមួយគ្នានោះ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការលើកឡើងលោកឯកអគ្គរដ្ឋទូត ដែលបានបង្ហាញការគាំទ្រលើគ្រប់ចំណុចនៃកិច្ចពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកសន្ដិបណ្ឌិត នេត សាវឿន និងលោកឯកអគ្គរដ្ឋទូត ក៏បញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរី ឲ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កា និងជោគជ័យ។ លោកសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ការកសាងសម្ព័ន្ធមិត្ត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាអាទិភាពដ៏សំខាន់សម្រាប់ប្រទេសនីមួយៗ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន ហើយលោកត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រ និងជួយរាល់ពេលដែលលោកឯកអគ្គរដ្ឋទូតមានតម្រូវការណាមួយ៕
















