លោក លី ច័ន្ទតុលា ផ្សព្វផ្សាយកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមនៅសាកលវិទ្យាល័យន័រតុន ជិត៣០០នាក់

08-05-2026 16:15

(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងលោក យិន សុភីប្រធានផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យន័រតុន តំណាងសាកលវិទ្យាធិការ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដល់សិក្ខាកាមប្រមាណ ២៧០រូប។

សមាសភាពចូលរួមអមគណៈអធិបតីរួមមានអគ្គលេខាធិការរង ជំនាញការច្បាប់ គ.ក.ច. សាស្រ្តាចារ្យនៃសាកលវិទ្យាល័យន័រតុន។

ក្រោយសុន្ទរកថាស្វាគមន៍របស់លោកសាស្ត្រាចារ្យតំណាងសាកលវិទ្យាធិការន័រតុន និងមតិសំណេះសំណាលរបស់អគ្គលេខាធិការ ក៏មានការធ្វើបទឧទ្ទេសនាមស្តីពីការកែទម្រង់ច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ដោយជំនាញការច្បាប់ គ.ក.ច. និងបន្តជាចុងក្រោយដោយវគ្គសំណួរចម្លើយផងដែរ។ ដើម្បីទទួលបានព័ត៌មានពីគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល មានគោលបំណង៖

* ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរួមអំពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ជូនភាគីពាក់ព័ន្ធសំខាន់ៗ
* ផ្សព្វផ្សាយពីសមាសធាតុសំខាន់ៗ គោលដៅ និងលទ្ធផលដែលរំពឹងទុកនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
* ផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមរបស់ភាគីពាក់ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
* លើកកម្ពស់សង្គតភាពនៃការអប់រំផ្នែកច្បាប់ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របតាមកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
* លើកទឹកចិត្តដល់មតិយោបល់របស់ភាគីពាក់ព័ន្ធ ដើម្បីកែលម្អ និងគាំទ្រដល់កិច្ចការកែទម្រង់ច្បាប់ដែលកំពុងដំណើរការ
* ពង្រឹងយន្តការសម្របសម្រួលសម្រាប់ការអនុវត្តសកម្មភាពកិច្ចការកែទម្រង់ច្បាប់៕