សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអរគុណ ប្រធានសភាតំណាងប្រជាជនមីយ៉ាន់ម៉ា ដែលផ្ញើសារជូនសម្តេច បង្ហាញពីចំណងមិត្តភាពដ៏ល្អប្រសើរ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ (Video inside)
08-05-2026 16:33
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្ញើសារលិខិតថ្លែងអរគុណជូនឯកឧត្តម Khin Yi ប្រធានសភាតំណាងប្រជាជនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានផ្ញើសារលិខិតជូនសម្តេច បង្ហាញពីចំណងមិត្តភាពដ៏ល្អប្រសើរ និងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរវាងសភាតំណាងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសារលិខិតដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងចំណងមិត្តភាពដ៏ល្អប្រសើរ និងទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ និង រវាងសភាតំណាងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងបក្សយើងទាំងពីរ»។
សម្តេចបានចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះការបោះឆ្នោតជ្រើសតាំង លោក Khin Yi ជាប្រធានសភាតំណាងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ហើយមានជំនឿថា ការដឹកនាំរបស់លោកជាប្រធានសភាតំណាងប្រជាជន នឹងជំរុញបន្ថែមទៀតនូវវឌ្ឍនភាពជាតិប្រទេសមីយ៉ាន់ម៉ា និងទំនាក់ទំនងរវាងប្រទេស និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានសភាតំណាងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីធានានូវវិបុលភាពយូរអង្វែង និងចំណងមិត្តភាពដ៏ឋិតថេររវាងមីយ៉ាន់ម៉ា និងកម្ពុជា៕









