* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល ណែនាំនាយកមន្ទីរពេទ្យជាតិ ត្រូវបន្តពង្រឹងគុណភាពសេវាព្យាបាល និងសីលធម៌ក្នុងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនជំនឿចិត្ត ប្រសិទ្ធភាពក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ

08-05-2026 18:19

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសុខាភិបាល បានណែនាំនាយកមន្ទីរពេទ្យជាតិទាំងអស់ ត្រូវបន្តពង្រឹងគុណភាពសេវាព្យាបាល និងសីលធម៌ក្នុងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនជំនឿចិត្ត និងប្រសិទ្ធភាពក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។

ការណែនាំយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ដឹកនាំនាយកមន្ទីរពេទ្យជាតិ និងថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទស្សនកិច្ចពីដំណើរការ និងវឌ្ឍនភាពរបស់មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះលោកសាស្រ្តាចារ្យ ឈាង រ៉ា បានសួរសុខទុក្ខអ្នកជំងឺដែលកំពុងទទួលការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងសាច់ញាតិអ្នកជំងឺដោយក្តីអាណិតអាសូរ និងភាពស្និតស្នាលព្រមទាំងជូនពរអ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ ត្រលប់ទៅជួបក្រុមគ្រួសារ និងប្រកបរបរទទួលទានវិញជាធម្មតាផងដែរ។

បន្ទាប់ពីធ្វើទស្សនកិច្ច សួរសុខទុក្ខអ្នកជំងឺរួចរាល់ហើយលោកសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បានណែនាំនាយកមន្ទីរពេទ្យជាតិទាំងអស់ ត្រូវបង្កើនគុណភាពសេវាព្យាបាល និងសីលធម៌ក្នុងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនជំនឿចិត្ត និងប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។ ជាងនេះទៅទៀតត្រូវយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើអ្នកជំងឺគ្រប់រូប ទោះបីក្នុងស្ថានភាពមមាញឹកយ៉ាងណាក៏ដោយ ដើម្បីបញ្ចៀសការធ្វេសប្រហែស ឬការមើលរំលងផ្នែកណាមួយដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិត ឬទំនុកចិត្តរបស់អ្នកជំងឺ។

រដ្ឋមន្រ្តីសុខាភិបាលបានបន្តថា មិនថាជានាយកមន្ទីពេទ្យ បុគ្គលិករដ្ឋបាល ឬគ្រូពេទ្យបច្ចេកទេសទេ គឺសុទ្ធតែមានចំណែកក្នុងការជួយឱ្យមន្ទីរពេទ្យមានដំណើរការល្អ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ដូចនេះត្រូវធានាការទទួល និងព្យាបាលអ្នកជំងឺឱ្យបានឆាប់រហ័ស ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ (Emergency) និងផ្នែកប្រពោធនកម្ម (ICU) ដោយផ្ដោតលើគុណភាពបច្ចេកទេស និងទំនាក់ទំនងល្អរវាងគ្រូពេទ្យនិងអ្នកជំងឺ។ មួយវិញទៀតត្រូវត្រៀមបម្រុងឱសថ សម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រចាំបាច់ឱ្យបានគ្រប់គ្រាន់ និងសមស្របតាមតម្រូវការជាក់ស្ដែងនៃការព្យាបាល ដើម្បីកុំឱ្យមានការរអាក់រអួល។ រៀបចំរចនាសម្ព័ន្ធការងារឱ្យមានសណ្ដាប់ធ្នាប់ មានការសម្របសម្រួលគ្នាបានល្អ និងធានាថាមានវត្តមានក្រុមគ្រូពេទ្យ និងបុគ្គលិកថែទាំប្រចាំការគ្រប់គ្រាន់នៅរាល់ពេលដែលអ្នកជំងឺត្រូវការ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា «រាល់ការសង្គ្រោះត្រូវធ្វើឡើងដោយក្ដីមេត្តាករុណា យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើអ្នកជំងឺគ្រប់រូប ទោះបីក្នុងស្ថានភាពមមាញឹកយ៉ាងណាក៏ដោយ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញការងារដោយចេញពីបេះដូង មានការទទួលខុសត្រូវខ្ពស់ និងផ្តល់សេវាដែលប្រកបដោយគុណធម៌ វិជ្ជាជីវៈ ដើម្បីបញ្ចៀសការធ្វេសប្រហែស ឬការមើលរំលងផ្នែកណាមួយដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិត ឬទំនុកចិត្តរបស់អ្នកជំងឺ»។

លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ការព្យាបាលជំងឺមិនមែនមានតែបច្ចេកទេស និងថ្នាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានទាំងបេះដូង និងការប្រើប្រាស់សម្តីផ្អែមល្ហែមទៅកាន់អ្នកជំងឺ។ ទោះបីជាគ្រូពេទ្យពូកែ ឬមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ បើខ្វះសុជីវធម៌ ខ្វះការយោគយល់ និងមានចរិតឆ្មើងឆ្មៃ នោះអ្នកជំងឺនឹងមិនពេញចិត្តឡើយ។ ទន្ទឹមនឹងនេះនៅតាមមន្ទីរពេទ្យនីមួយៗត្រូវចេះជួយគ្នា និងមានទំនាក់ទំនងល្អក្នុងការបញ្ជូនអ្នកជំងឺទៅវិញទៅមក។ ការប្រើប្រាស់រថយន្តសង្គ្រោះឱ្យចំគោលដៅ និងការបែងចែកអ្នកជំងឺទៅតាមមន្ទីរពេទ្យដែលមានលទ្ធភាពព្យាបាលត្រឹមត្រូវ គឺជាចំណុចសំខាន់ដើម្បីសម្រាលបន្ទុកមន្ទីរពេទ្យដែលណែនចង្អៀតផងដែរ។

ជាមួយគ្នានេះរដ្ឋមន្រ្តីសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យជាតិ (ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត) និងតាមបណ្តាខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

សូមជម្រាបថាដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការចង្អុលបង្ហាញរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ការងារ ក៏ដូចជាការផ្លាស់ប្តូរនូវការពិភាក្សា និងការទទួលនូវអនុសាសន៍ថ្មីៗពីលោកសាស្ត្រាចារ្យ ដើម្បីធ្វើការអភិវឌ្ឍមន្ទីរពេទ្យជាតិទាំងអស់នៅក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង ដែលជាអ្នកជំងឺបានមកទទួលសេវាប្រកបដោយការទុកចិត្ត ការពេញចិត្ត និងប្រសិទ្ធភាពខ្ពស់៕