អាជ្ញាធរខេត្តបាត់ដំបង នឹងប្រជុំណែនាំបន្ថែមនៅសប្ដាហ៍ក្រោយ បន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃខុសច្បាប់
08-05-2026 20:36
(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង នឹងរៀបចំកិច្ចប្រជុំណែនាំបន្ថែមនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃដោយខុសច្បាប់ចូលមកកម្ពុជា។
មួយរយៈចុងក្រោយនេះ មហាជនមួយចំនួន បានផ្ទុះការចាប់អារម្មណ៍ និងរិះគន់លើបញ្ហាគ្រប់គ្រងច្រកព្រំដែននៅខេត្តបាត់ដំបង បន្ទាប់ពីមានស្ត្រីអាជីវករម្នាក់ឈ្មោះ អាឡែន លួចនាំយកទុរេនពីថៃ មកកាន់កម្ពុជាបាន ទោះបីជារដ្ឋាភិបាល បានបិទទាំងស្រុងនូវច្រកព្រំដែនគោករវាងប្រទេសទាំងពីរក៏ដោយ។
ទុរេនទាំងនោះ ត្រូវបាននាំចូលតាមច្រកកាប៊ីន នាឃុំអូររំដួល ស្រុកសំឡូត ខេត្តបាត់ដំបង យកមកចែកចាយនៅកម្ពុជា ដោយបន្លំជាទុរេនខេត្តកំពង់ចាម។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មិនអាចទំនាក់ទំនងបានទេ ដោយការហៅទូរសព្ទ និងផ្ញើសារមិនមានការឆ្លើយតប។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក ហេង វណ្ណនី បានបញ្ជាក់ថា បញ្ហាពង្រឹងច្រកព្រំដែននៅមូលដ្ឋានខេត្តបាត់ដំបង លោកអភិបាលខេត្ត បានណែនាំរហូតមក។
លោកបានបញ្ជាក់ប្រាប់ Fresh News ដូច្នេះថា «ឯកឧត្តមអភិបាលខេត្ត បានណែនាំជាបន្តបន្ទាប់ដល់សមត្ថកិច្ចក្រោមឱវាត និងមានកិច្ចប្រជុំណែនាំបន្ថែមទៀតនៅសប្តាហ៍ក្រោយ»។
ច្រកព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ បន្លែ និងផ្លែឈើគ្រប់ប្រភេទ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ត្រូវបានហាមឃាត់ មិនឱ្យនាំចូលពីប្រទេសថៃ មកកាន់កម្ពុជាដាច់ខាត ទោះជាតាមមធ្យោបាយណាក៏ដោយ៕




