«គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ» ដែលបានអនុវត្ត៣ឆ្នាំនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយបានលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការបន្ថយការនេសាទខុសច្បាប់

08-05-2026 21:01

(ភ្នំពេញ)៖ គម្រោង «ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ» ដែលហៅថា «គម្រោងសហគ្រប់គ្រងជលផលឆ្លាតវ៉ៃ» ដែលបានអនុវត្តរយៈពេល៣ឆ្នាំនៅកម្ពុជា បានបិទបញ្ចប់ហើយ ដោយទទួលបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ពិសេសការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការបន្ថយការនេសាទខុសច្បាប់។

ថ្លែងក្នុងសិក្ខាសាលាបញ្ចប់គម្រោងស្តីពី«ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវភាពចម្រុះ» នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោកស្រី កាំង ឃីម អគ្គនាយករងនៃ អគ្គនាយកដ្ឋានជលផល មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗ ដែលទទួលបានពីការអនុវត្តគម្រោងនេះ រួមមានបានពង្រឹងសមត្ថភាពនៃគណៈកម្មការសហគមន៍នេសាទចំនួន៦សហគមន៍ លើការងារសហគ្រប់គ្រងដោយបានចុះកិច្ចព្រមព្រៀង រៀបចំផែនការគ្រប់គ្រង និងការងារល្បាត។ បន្ថែមពីនេះ សហគមន៍នេសាទចំនួន២ទទួលបានទាំងសមត្ថភាពនិងបង្កើតបានមុខរបរបន្ថែមចំនួន២ គឺការចិញ្ចឹមត្រីលក្ខណៈគ្រួសារចំនួន ១៥ស្រះ ដោយគម្រោងបានជួយជីកកែលម្អស្រះ ព្រមទាំងផ្តល់ទាំងកូនត្រីពូជនិងចំណីត្រីសម្រាប់សហគមន៍នេសាទអូរម្រះនៅខេត្តស្ទឹងត្រែង។ នៅខេត្តក្រចេះ សហគមន៍នេសាទកាំពីទទួលបានការគាំទ្រក្នុងការបង្កើតអេកូទេសចរណ៍ជលផលនៅបឹងរំអិល ដោយគម្រោងបានផ្តល់ទូកម៉ាស៊ីនសម្រាប់ការងារល្បាតចំនួន៣គ្រឿង ទូកអុំ(ទូកកៃយ៉ាក់)ចំនួន៣សម្រាប់ទេសចរណ៍អុំលេងកំសាន្ត ផ្ទះស្នាក់ទេសចរណ៍ចំនួន៣ អាហារដ្ឋាន១ខ្នង ស្នាក់ការព័ត៌មានសហគមន៍១ខ្នង និងបង្គន់អនាម័យ១ខ្នង២បន្ទប់។ ទាំងអស់នេះ ជាសមិទ្ធផលសំខាន់ៗ ដែលសហគមន៍ទទួលបានជាក់ស្តែងដើម្បីលើកទឹកចិត្តបង្កើនការចូលរួមអភិរក្សធនធានជលផលឱ្យកាន់តែល្អប្រសើរ ព្រមទាំងជួយកាត់បន្ថយសម្ពាធលើការនេសាទហួសកម្រិត។

គម្រោង «ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ» ត្រូវបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦ តាមរយៈកិច្ចសហការយ៉ាងជិតស្និតស្និទ្ធរវាងអង្គការ FAO និងអគ្គនាយកដ្ឋានជលផល(GDF) ដោយទទួលបានមូលនិធិពីក្រសួងជលផល និងសមុទ្រនៃសាធារណរដ្ឋកូរ៉េ។

លោកស្រី កាំង ឃីម អគ្គនាយករងនៃ អគ្គនាយកដ្ឋានជលផល បន្ថែមថា ទន្ទឹមនឹងការទទួលបានសមិទ្ធផលជាច្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈម ដោយហេតុថាការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្ដរភាព គឺជាការងារមួយមានលក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជានេសាទនិងសហគមន៍មូលដ្ឋាននៅតែបន្តសហការជាដ៏រាប។ កត្តាកំណើនប្រជាជន ទំនើបកម្មផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួល អាកាសធាតុ បានដាក់សម្ពាធបន្ថែមមកលើធនធានធម្មជាតិ ជាពិសេសប្រព័ន្ធអេកូឡូស៊ីជលផល និងធនធានជលផល ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងថែមទៀត។

លោកស្រី Rebekah Olivia Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ គម្រោង«ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ខឹមជីវភាពចម្រុះ» បានបង្ហាញពីការគ្រប់គ្រងរួមគ្នាប្រកបដោយប្រសិទ្ធភាព។ តាមរយៈគម្រោងនេះ គណៈកម្មាធិការនេសាទសហគមន៍ត្រូវបានជ្រើសរើសឡើងវិញ បទប្បញ្ញត្តិផ្ទៃក្នុងត្រូវបានធ្វើបច្ចុប្បន្នភាព ខណៈផែនការគ្រប់គ្រងតំបន់នេសាទសហគមន៍ត្រូវបានគាំទ្រជាផ្លូវការ ដែលនាំមកនូវភាពច្បាស់លាស់ ភាពស្របច្បាប់ និងជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព។

លោកស្រីបានគូសបញ្ជាក់ថា «ការអនុវត្តនូវគម្រោងនេះ សម្រេចបាន ការរក្សាបាននូវប្រសិទ្ធភាពនៃផលចាប់ និងការរក្សាបាននូវការគ្រប់គ្រងរួម។ សម្រាប់ប្រជាសហគមន៍ គឺយើងធ្វើយ៉ាងណា ជំរុញពួកគាត់ឱ្យទទួលបាននូវអត្រាប្រាក់ចំណូលមួយសមស្របប្រកបដោយវឌ្ឍនភាព។ ទាំងនេះ គឺស្តែងចេញពីការសហការរវាងសហគមន៍ អាជ្ញាធរ និងអង្គការដៃគូរដូចជា FAOជាដើម។ ក្នុងនោះផងដែរ គឺយើងអាចបញ្ចៀសបាននូវការនេសាទនៅតំបន់ដែលមានផលប៉ះពាល់ឬអភិរក្ស ដែលមានន័យថា នៅពេលដែលយើងផ្តល់ស្រះឱ្យទៅសហគមន៍ គាត់អាចប្រមូលផលពីស្រះ ដោយមិនទៅនេសាទខុសច្បាប់»

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គម្រោង«ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ» ដែលបានអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការលើកកម្ពស់ការគ្រប់គ្រងធនធានជលផល និងបង្កើននូវមុខរបរចម្រុះរបស់មាជិកសហគមន៍នេសាទ។

ទន្ទឹមគ្នានេះ លោកលើកទឹកចិត្តឱ្យបន្តគាំទ្រដល់ការពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍នេសាទក្នុងការគ្រប់គ្រង និងអភិក្សធនធានជលផលឱ្យបានខ្លាំងក្លាថែមទៀត ពិសេសបន្តអនុវត្តនិងពង្រឹងសហគមន៍នេសាទអូរម្រះ និងកាំពី ថែរក្សានិងគ្រប់គ្រងសមិទ្ធផលរបស់គម្រោងឱ្យគង់វង្ស និងមានដំណើរការប្រកដោយប្រសិទ្ធភាពនិងនិរន្តរភាព ថែមទាំងពង្រីកស្នាដៃឱ្យកាន់តែរីកចម្រើនថែមទៀត។ ជួយស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងការគ្រប់គ្រងធនធានជលផល និងបង្កើតជម្រើសមុខរបរចិញ្ចឹមជីវិតរបស់សមាជិកសហគមន៍នេសាទឱ្យបានកាន់តែប្រសើរឡើង និង បន្តគាំទ្រក្នុងការផ្តល់នូវបច្ចេកទេសចិញ្ចឹមត្រី ការផ្គត់ផ្គង់ពូជត្រីដល់សមាជិកសហគមន៍នេសាទឱ្យបានកាន់តែច្រើនថែមទៀង ជាពិសេសអ្នកដែលទទួលបានស្រះពីគម្រោង សម្រាប់សហគមន៍នេសាទអូរម្រះ ខេត្តស្ទឹងត្រែង៕