វិភាគអន្តរជាតិ៖ តើចិនចង់បានអ្វីពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ?
08-05-2026 21:43
(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាទីដែលរូបលោកនឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្ទាប់ពីការពន្យារពេលដំណើរទស្សនកិច្ចដែលដំបូងឡើយត្រូវបានគ្រោងទុកកាលពីខែមេសាកន្លងទៅដោយសារតែសង្រ្គាមអ៉ីរ៉ង់។ ប៉ុន្តែតើចិនសង្ឃឹមថាអាចនឹងសម្រេចបានលទ្ធផលអ្វីខ្លះពីដំណើរទស្សនកិច្ច របស់លោក ត្រាំ?
* តើអ្វីដែលចិនចង់បាន?
ក្រុមអ្នកជំនាញបាននិយាយថាក្រៅតែពីភាសាទន់ភ្លន់ខាងការទូត និងកិច្ចពិភាក្សាជាលក្ខណៈឯកជន ទីក្រុងប៉េកាំងទំនងជាចង់បានលទ្ធផលជាក់ស្ដែង បើទោះជាមិនធំដុំក៏ដោយ ប៉ុន្តែចិននឹងនៅតែប្រកាន់ គោលការណ៍ប្រាកដនិយម ដោយសារតែធម្មជាតិមិនអាចព្យាករបានរបស់លោក ត្រាំ។ លោក Benjamin Ho មកពីសាកលវិទ្យាល័យ S. Rajaratnam School of International Studies របស់សិង្ហបុរី បាននិយាយថាចិនចង់ឱ្យមានការស្ដារឡើងវិញយ៉ាងទូលំទូលាយក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តែដឹងច្បាស់ថានឹងមិនអាចទៅរួចឡើយ។ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានជាប់ផុង ក្នុងសង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់ដែលនៅក្នុងនោះសហរដ្ឋអាមេរិកបានដំឡើងពន្ធគយលើទំនិញចិនជាច្រើនមុខក្នុងអត្រាខ្ពស់បំផុតមួយដល់ទៅ ១៤៥ភាគរយ។ កម្ដៅនៃការដំឡើងពន្ធសងសឹកដាក់គ្នា បានចុះត្រជាក់វិញ បន្ទាប់ពីលោក ត្រាំ និងលោក ស៊ី ជីនពីង ឈានដល់ការឯកភាពគ្នាកាលពីខែតុលា ឆ្នាំ២០២៥ លើបទឈប់បាញ់រយៈពេល ១ឆ្នាំក្នុងសង្រ្គាមពាណិជ្ជកម្ម។
តាមក្រុមអ្នកជំនាញ គោលដៅជាមូលដ្ឋានរបស់ចិនសម្រាប់កិច្ចប្រជុំកំពូលនៅសប្ដាហ៍ក្រោយនេះ នោះគឺការពន្យារបទឈប់បាញ់នេះបន្ថែម។ «អ្វីដែលចិនត្រូវការ នោះគឺចង់ឱ្យលោក ត្រាំ ធ្វើតាមពាក្យសន្យា របស់លោកចំពោះកិច្ចសហប្រតិបត្តិការ ជាមួយការរំពឹងថានឹងសម្រេចបានលទ្ធផលជាក់ស្ដែងមួយចំនួននៅឯកិច្ចប្រជុំកម្រិតកំពូល»។ នេះជាការយល់ឃើញរបស់លោកស្រី Yue Su មកពីស្ថាប័ន Economist Intelligence Unit (EIU)។ លោកស្រីបន្ថែមថាប៉េកាំងនឹងពេញចិត្តចំពោះលទ្ធផលជាក់ស្ដែង តួយ៉ាងដូចជាការបន្ធូរបន្ថយពន្ធគយមួយចំនួនដែលអាចឱ្យចិនមានហេតុផលបន្ធូរបន្ថយពន្ធគយ និងការរឹតត្បិត របស់ខ្លួនលើការនាំចេញផលិតផលមួយចំនួន។
* សង្គ្រាមអ៉ីរ៉ង់
បើតាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់នឹងក្លាយជាប្រធានបទមួយដែលពិបាកគេចវេសនៅក្នុងជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង។ ប៉ុន្តែនេះមិនមែនមានន័យថាចិននឹងលូកដៃចូលជ្រៅក្នុងសង្រ្គាមអ៉ីរ៉ង់ នោះទេ។ លោកស្រី Lizzi Lee មកពីវិទ្យាស្ថាន Asia Society Policy Institute បាននិយាយថាសហរដ្ឋអាមេរិកបានបង្កើនការដាក់សម្ពាធ មុនកិច្ចប្រជុំកំពូលចាប់ផ្ដើម ទៅលើចិនរួចស្រេចទៅហើយ តាមរយៈការកំណត់គោលដៅលើទំនាក់ទំនងសេដ្ឋកិច្ចរបស់ប៉េកាំងជាមួយតេហេរ៉ង់។ លោក ត្រាំ កាលពីខែមេសា បានគំរាមថាលោកនឹងដំឡើងពន្ធគយ ៥០ភាគរយលើទំនិញចិន ប្រសិនបើប៉េកាំងផ្ដល់ជំនួយ យោធាដល់អ៉ីរ៉ង់។ ប៉េកាំងជាដៃគូដ៏ជិតស្និទ្ធមួយរបស់អ៉ីរ៉ង់ និងបានចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជាទង្វើខុសច្បាប់។
តែព្រមពេលជាមួយគ្នា ចិនក៏បានរិះគន់ដោយប្រយោលចំពោះការវាយប្រហាររបស់អ៉ីរ៉ង់លើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ និងអំពាវនារឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យ៉ាងនេះក្ដី ចិននឹង មិនទទួលយកឡើយសម្ពាធពីសហរដ្ឋអាមេរិកឱ្យធ្វើសកម្មភាពលើអ៉ីរ៉ង់ ឬរុស្ស៉ី។ នេះបើតាមលោកស្រី Yue Su។ តាមអ្នកជំនាញរូបនេះ ទីក្រុងប៉េកាំងក៏មានបំណងចៀសវាងផងដែរការបន្ថែមបញ្ហាលើបញ្ហា តួយ៉ាងដូចជាការគំរាមដំឡើងពន្ធគយលើទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៉ីរ៉ង់ដែលកំពុងបង្កភាពស្មុគស្មាញលើទំនាក់ទំនងដែលកំពុងស្មុគស្មាញស្រាប់ជាមួយសហរដ្ឋអាមេរិក។ តែបើតាមលោកស្រី Lizzi Lee វិញ សង្រ្គាមអ៉ីរ៉ង់នឹងបន្ថែមសម្ពាធបន្ថែមលើបញ្ហាដែលមានស្រាប់ ប៉ុន្តែកិច្ចចរចាពិតប្រាកដនៅឯជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង គឺផ្ដោតលើពាណិជ្ជកម្ម និងការវិនិយោគ។
* តើអ្វីដែលចិនអាចយកមកប្រើដើម្បីយកប្រៀបក្នុងកិច្ចពិភាក្សា?
សន្លឹកបៀរមួយដែលចិនអាចនឹងយកមកប្រើ នោះគឺរ៉ែកម្រ ជាវត្ថុធាតុដើមមួយសម្រាប់បច្ចេកវិទ្យារាប់ចាប់ពីទូរស័ព្ទ smartphones រហូតដល់រថយន្ដអគ្គិសនី។ ចិនកំពុងគ្រប់គ្រងលើឧស្សាហកម្មរ៉ែកម្រ ទាំងខាងស្ដុក ការរុករក ការចម្រាញ់ និងការកែច្នៃ។ លោកស្រី Yue Su យល់ថារ៉ែកម្រនៅតែជាអាវុធសម្ងាត់ដ៏សំខាន់មួយដែលចិនអាចយកមកប្រើ ប្រសិនបើលោក ស៊ី ជីនពីងចង់បានសម្បទានមួយចំនួនពី សហរដ្ឋអាមេរិក។ ដោយឡែក លោក Joe Mazura ជាអ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់មកពីស្ថាប័ន Trivium China មានមូលដ្ឋានក្នុងទីក្រុងប៉េកាំងបាននិយាយថាចិនអាចប្រើវិធីលួងលោមឱ្យ សហរដ្ឋអាមេរិកសប្បាយចិត្ត ក្នុងនោះរួមមានការបញ្ជាទិញផលិតផលកសិកម្មបន្ថែម ឬយន្ដហោះ Boeing ពីសហរដ្ឋអាមេរិក។ ធ្វើដូចនេះចិនសង្ឃឹមថាអាចនឹងធ្វើឱ្យលោក ត្រាំ និងក្រុមការងាររបស់មាន អារម្មណ៍ល្អ និងងាយស្រួលនិយាយគ្នា មុននឹងពិភាក្សាគ្នាលើបញ្ហាពិបាកដោះស្រាយដូចជាសំណុំរឿងតៃវ៉ាន់ជាដើម។
* តើចិនបានត្រៀមលក្ខណៈដូចម្ដេច?
លោកស្រី Lizzi Lee បាននិយាយថាចិនបានដាក់ចេញវិធានការការពារខ្លួនទប់ទល់នឹងភាពមិនច្បាស់លាស់កើតចេញពីគោលនយោបាយរបស់លោក ត្រាំ តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេស Global South ព្រមទាំងពង្រឹងទំនាក់ទំនងក្នុងតំបន់។ លោកស្រីបន្តទៀតថាចិនក៏បានសំលៀងឱ្យកាន់តែមុតផងដែរនូវច្បាប់ និងវិធានការរបស់ខ្លួន ហើយមានវិធីសាស្ត្រជាច្រើនដែលនឹងត្រូវយកមកប្រើ ដូចដែលគេបានឃើញកាលពីពេលថ្មីៗនេះ ក្រោយចិនរារាំងមិនឱ្យក្រុមហ៊ុន Meta ទិញយកក្រុមហ៊ុន AI Manus។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Mazur បានកត់សម្គាល់ថាវិធានការជាច្រើនរបស់ចិន ក្នុងនោះមានទាំងការធ្វើពិពិធកម្មប្រភពនាំចូលថាមពល ការជំរុញការប្រើប្រាស់រថយន្ដអគ្គិសនី និងការពឹងផ្អែកលើបច្ចេកវិទ្យាខ្លួនឯង បានកើតឡើង តាំងតែមុនអាណត្តិទី២របស់លោកទៅទៀត។ «បើទោះជាកិច្ចប្រជុំកំពូលទទួលបានជោគជ័យធំយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែទិសដៅយុទ្ធសាស្ត្ររបស់ចិនបាននោះដែរ ហើយមិនថាមានអ្វីកើតឡើងនោះទេ ការកាត់បន្ថយការពឹងផ្អែកនៃសេដ្ឋកិច្ចរបស់ចិនលើសហរដ្ឋអាមេរិកនឹងបន្តដំណើរការទៅមុខ»។ ជាការបន្ថែមរបស់លោក Mazur។
គួរបញ្ជាក់ថា បើតាមលោកស្រី Lizzi Lee ចិននឹងដើរចូលក្នុងកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិកដោយការប្រុងប្រយ័ត្ន និងមានទំនុកចិត្ត។ ប៉េកាំងជឿជាក់ថាខ្លួនឥលូវមានសមត្ថភាពខ្លាំងជាងមុន ដើម្បីប្រឈមនឹង សម្ពាធ និងអាចអត់ធ្មត់រង់ចាំឱកាសល្អដើម្បីទាញយកប្រយោជន៍ ផ្ទុយពីលោក ត្រាំដែលកំពុងត្រូវការលទ្ធផលភ្លាមៗ មុនការបោះឆ្នោតមុនអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ ម្យ៉ាងវិញទៀត គម្រោងនៃ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងប៉េកាំង ក៏ជាសន្លឹកបៀរមួយរបស់ចិនផងដែរ ក្រោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ដែលបានជួបលោក ស៊ី ជីនពីងកាលពីខែមេសាកន្លងទៅ បាននិយាយថាដំណើរទស្សនកិច្ចនេះនឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២៦នេះ។ លោក Mazur វិញបានលើកឡើងថាការរៀបចំដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ ប៉េកាំង នឹងក្លាយជាការបញ្ជូនសារមួយថាទោះជាលោក ស៊ី ជីនពីង មានកិច្ចពិភាក្សាដ៏ល្អជាមួយលោក ត្រាំ យ៉ាងណាក៏ដោយ ក៏ចិននៅតែត្រូវការទំនាក់ទំនងរឹងមាំជាមួយរុស្ស៉ី៕











