មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិ Fred Hollow បើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅ
09-05-2026 09:14
(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះអង្គឌួង ជាមួយមូលនិធិ Fred Hollow នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ពន្ធ័មេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ឱ្យកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃមូលនិធិ Fred Hollow កម្ពុជា រួមទាំងវេជ្ជបណ្ឌិតជំនាញៗជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះ ហើយពេលរៀនចប់វិលត្រឡប់ទៅកន្លែងធ្វើការរបស់ខ្លួនវិញ ត្រូវយកចំណេះជំនាញដែលបានមកពីការសិក្សានៅក្នុងវគ្គនេះ ទៅបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងចូលរួមអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួនឱ្យកាន់តែប្រសើរ និងរីកចម្រើនបន្ថែមទៀត។
លោកសាស្ត្រាចារ្យរង ក៏បានថ្លែងអំណគុណដល់មូលនិធិ Fred Hollow ដែលតែងតែបានជួយដល់មន្ទីរពេទ្យព្រះអង្គឌួង រហូតមក ពិសេសបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងឧបករណ៍ សម្រាប់ដំណើរការបណ្តុះបណ្តាលវគ្គសិក្សានេះ ដោយរលូនហើយសង្ឃឹមថាមូលនិធិ Fred Hollow នឹងបន្តជួយដល់មន្ទីរពេទ្យព្រះអង្គឌួង ក្នុងការបើកបណ្តុះបណ្តាលផ្នែកចក្ខុរោគដល់គ្រូពេទ្យជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះលោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃមូលនិធិ Fred Hollow កម្ពុជា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំង ក្នុងការផ្តល់ជំនាញផ្នែកចក្ខុរោគនេះដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកឱ្យទទួលបានជំនាញផ្នែកចក្ខុរោគនេះ។
ទន្ទឹមនឹងនោះលោកបានប្តេជ្ញាថា មូលនិធិ Fred Hollow នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យព្រះអង្គឌួងជាបន្តទៀត ក្នុងការបណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកចក្ខុរោគនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។
តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ពន្ធ័មេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ក្នុងនោះមានសិក្ខាកាមមកពីតាមបណ្តាខេត្ត ចំនួន ១១ នាក់ បានបញ្ចប់ការសិក្សាដែលអញ្ជើញមកពីខេត្ត កែប ១នាក់, កំពត ៤នាក់, តាកែវ ៥នាក់ និងកំពង់ចាម ១នាក់។ ចំណែកវគ្គថ្មីមានចំនួន ១៤នាក់ មកពីខេត្តកំពង់ចាម ៤នាក់, កំពត ២នាក់, ពោធិ៍សាត់ ២នាក់, កណ្តាល ១នាក់, បាត់ដំបង ១ នាក់, ព្រៃវែង ១នាក់, បន្ទាយមានជ័យ ២នាក់ និងកោះកុង ១នាក់។
លោកសាស្ត្រាចារ្យបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ខែ ដែលការបណ្តុះបណ្តាលផ្តោត សំខាន់លើការពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ក៍ដូចជាការសង្គ្រោះ និង បញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូល សម្រាប់បណ្តុះបណ្តាលគ្រូ ពេទ្យទូទៅផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះអង្គឌួង៕































