អ្នកគ្រូបង្ហាត់សិស្សមតេ្តយ្យសហគមន៍ភូមិថ្មី នៅស្រុកកំពង់លែង ស្នើសប្បុរសជនជួយទីតាំងគាត់បង្រៀន
09-05-2026 10:39
(កំពង់ឆ្នាំង)៖ អ្នកគ្រូ ផូ យ៉ានុត គ្រូបង្រៀនមតេ្តយ្យសិក្សាសហគមន៍នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្នើសប្បុរសជនជួយទីតាំងគាត់បង្រៀនផង។ សាលានេះ មានតែ ១ខ្នង និងមាន ១បន្ទប់ ខណៈបន្ទប់ទឹកមិនមានឡើយ។
ក្នុងសំណើដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ អ្នកគ្រូស្នើ បានស្នើសុំសប្បុរសជនជួយក្រាលការ៉ូសាលា ធ្វេីដងទង់ជាតិ ធ្វេីបន្ទប់ទឹកបង្កើតឲ្យមានល្បែងលេងក្រៅថ្នាក់និងក្នុងថ្នាក់ ព្រមទាំងចាក់ដី និងធ្វេីរបងខាងមុខសាលា។
បើគេទៅដល់ក្រុងកំពង់ឆ្នាំង ចោលផ្នែកក្រឡេកមើលទៅទិសខាងជើងភាគខាងកើត គេនឹងឃើញភ្នំនាងកង្រី ដែលស្ថិតនៅក្នុងស្រុកកំពង់លែង ដែនដីនៃអាណាចក្រចេនឡា។ ស្រុកនេះ មានចំនួន ៩ឃុំ រួមមាន ឃុំកំពង់ហាវ ឃុំច្រណូក ឃុំស្វាយរំពារ ឃុំដារ ឃុំពោធិ៍ ឃុំត្រងិល ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំផ្លូវទូក។
ដើម្បីដល់ស្រុកកំពង់លែង គេត្រូវតែជិះទូក ឬសាឡាង នេះក៏ព្រោះថា អតីតដែនដីនៃជំរំហ្វឹកហាត់ទ័ពរបស់តេជោមាស និងតេជោយ៉ត មួយនេះ គឺជាភ្នំធំៗ ដែលហ៊ុមព័ទ្ធដោយទន្លេ។ គេក៏អាចស្គាល់ស្រុកមួយនេះ តាមរយៈបទចម្រៀងដ៏ពីរោះ «បុប្ផាកំពង់ហៅ» ដែលជាបទចម្រៀងរបស់លោក ស៉ិន ស៉ីសាមុត បកស្រាយផងដែរ។
ជាការណ៍ពិត ស្រុកកំពង់លែង មានតំបន់ខ្លះនៅតែខ្វះខាត។ ជាក់ស្តែង មតេ្តយ្យសិក្សាសហគមន៍នៅភូមិថ្មី មានគ្រូបង្រៀនម្នាក់ គឺអ្នកគ្រូ ផូ យ៉ានុត សិស្ស ២២នាក់ ស្រី ១១នាក់ បានស្នើសុំជំនួយ។
អ្នកគ្រូដែលមានប្រាក់ខែ ៥៥០ ០០០រៀល ពីសាលាឃុំពោធិ៍ បានឲ្យដឹងថា «នាងខ្ញុំមានតម្រូវការក្រាលការ៉ូសាលា ធ្វេីដងទង់ជាតិ ធ្វេីបន្ទប់ទឹក និងល្បែងលេងក្រៅថ្នាក់និងក្នុងថ្នាក់ ចាក់ដីនិងធ្វេីរបងខាងមុខសាលា»។
គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣ ៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់។ នេះបើតាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕










