រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជន បន្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា, ការបរិច្ចាគរបស់សប្បុរសមិនមែនជាការបាត់បង់ទ្រព្យសម្បត្តិទេ តែជាការវិនិយោគលើមនុស្សធម៌ ការសាមគ្គីភាពសង្គម និងក្តីសង្ឃឹមរបស់ពលរដ្ឋ

09-05-2026 13:01

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអំពាវនាវដល់សប្បុរសជន វិស័យឯកជន អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋដែលមានលទ្ធភាព សូមបន្តចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តក្រចេះ តាមលទ្ធភាពរៀងៗខ្លួន។

លោករដ្ឋមន្ត្រី បានបន្ថែមថា ការចូលរួមរបស់លោក លោកស្រី មិនថាតិចឬច្រើន សុទ្ធតែជាកម្លាំងដ៏មានតម្លៃ ដែលនឹងប្រែក្លាយទៅជាជំនួយជាក់ស្តែង សម្រាប់ជួយសង្គ្រោះអ្នករងគ្រោះ អ្នកក្រខ្សត់ និងគ្រួសារងាយរងគ្រោះនៅមូលដ្ឋាន។

ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបរិច្ចាគរបស់អស់លោក លោកស្រី មិនមែនជាការបាត់បង់ទ្រព្យសម្បត្តិទេ ប៉ុន្តែជាការវិនិយោគលើមនុស្សធម៌ លើសាមគ្គីភាពសង្គម និងលើក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ អ្វីដែលយើងផ្តល់ចេញទៅថ្ងៃនេះ នឹងត្រឡប់មកវិញជាសង្គមមួយដែលមានភាពកក់ក្តៅ មានភាពជឿទុកចិត្ត និងមានសុខដុមរមនា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា យើងត្រូវចងចាំថា ការងារមនុស្សធម៌ដែលមានតម្លៃបំផុត គឺការងារដែលទៅដល់មុនពេលទុក្ខលំបាកក្លាយជាវិបត្តិធ្ងន់ធ្ងរ។ កុំរង់ចាំឱ្យមានគ្រោះថ្នាក់ ឬមានការខាតបង់ជីវិត ទើបយើងចាប់ផ្តើមសួរថា តើគាត់ជានរណា? រស់នៅទីណា? ហេតុអ្វីបានជាគាត់ខ្វះខាត? យើងត្រូវដឹងមុន។ យើងត្រូវទៅមុន។ យើងត្រូវជួយមុន។ នេះហើយជាការងារមនុស្សធម៌ដែលមានទំនួលខុសត្រូវ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នៅមូលដ្ឋាន។ ការខិតខំរបស់អស់លោក លោកស្រី គឺជាការបង្ហាញថាស្មារតីមនុស្សធម៌មិនមែនស្ថិតនៅត្រឹមពាក្យសម្ដីទេ ប៉ុន្តែបានក្លាយជាសកម្មភាពជាក់ស្តែងដើម្បីប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បន្តពង្រឹងការងារចុះមូលដ្ឋាន បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារងាយរងគ្រោះ បន្តពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត និងបន្តពង្រីកការចូលរួមរបស់សប្បុរសជន និងប្រជាពលរដ្ឋ។ ការងារមនុស្សធម៌ដែលមានប្រសិទ្ធភាព គឺការងារដែលដឹងថា អ្នកណាត្រូវការជំនួយ អ្នកណាត្រូវការជំនួយបន្ទាន់ អ្នកណាត្រូវការការតាមដានបន្ថែម និងអ្នកណាអាចត្រូវបានជួយឱ្យឈរលើជើងខ្លួនឯងឡើងវិញ។ ដូច្នេះ ការងារមនុស្សធម៌មិនមែនត្រឹមតែការចែកអំណោយទេ ប៉ុន្តែជាការគ្រប់គ្រងទិន្នន័យ ការតាមដានស្ថានភាព ការចាត់អាទិភាព និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

នៅក្នុងឱកាសដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់រូប ដែលបានចូលរួមគាំទ្រកាកបាទក្រហមកម្ពុជា ទាំងថវិកា សម្ភារៈ ធនធាន ពេលវេលា និងកម្លាំងកាយចិត្ត។ ការចូលរួមរបស់អស់លោក លោកស្រី គឺជាភស្តុតាងបញ្ជាក់ថា សង្គមយើងនៅតែមានស្មារតីចែករំលែកយ៉ាងរឹងមាំ។ ការបរិច្ចាគមិនថាតិច ឬច្រើន សុទ្ធតែមានតម្លៃ។ ការចូលរួមមិនថាធំ ឬតូច សុទ្ធតែអាចប្រែក្លាយជាក្តីសង្ឃឹមសម្រាប់អ្នកកំពុងជួបទុក្ខលំបាក។ អង្ករមួយបាវ អាចជួយគ្រួសារមួយឱ្យឆ្លងកាត់ថ្ងៃលំបាក។ ភួយមួយ អាចផ្តល់កម្ដៅដល់អ្នកគ្មានលទ្ធភាព។ ថវិកាជំនួយមួយចំនួន អាចជួយអ្នកជំងឺទៅរកសេវាសុខភាព។ ការចុះសួរសុខទុក្ខមួយលើក អាចផ្តល់កម្លាំងចិត្តដល់អ្នកដែលកំពុងអស់សង្ឃឹម។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា សូមយើងទាំងអស់គ្នាចងចាំថា ការចូលរួមគាំទ្រកាកបាទក្រហម មិនមែនជាការចូលរួមក្នុងពិធីប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងការសង្គ្រោះជីវិត ការសម្រាលទុក្ខលំបាក និងការផ្តល់សេចក្តីសង្ឃឹមដល់មនុស្សដែលកំពុងរង់ចាំដៃមេត្តារបស់យើង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការជួយសហគមន៍។ យុវជន គឺជាកម្លាំងបន្តវេនដ៏សំខាន់។ ប្រសិនបើយុវជនមានស្មារតីមនុស្សធម៌ សង្គមយើងនឹងមានអនាគតកាន់តែល្អ។ ប្រសិនបើយុវជនចេះជួយគ្នា ចេះគោរពគ្នា ចេះចែករំលែក និងចេះទទួលខុសត្រូវចំពោះសហគមន៍ ប្រទេសជាតិយើងនឹងកាន់តែរឹងមាំ៕