រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ព្រះរាជគំរូដ៏ថ្លៃថ្នូររបស់សម្តេចម៉ែ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត បង្ហាញថាមនុស្សធម៌ ជាតម្លៃជាតិដ៏សំខាន់មួយ ដែលត្រូវបន្តថែរក្សា លើកកម្ពស់ និងបន្តបញ្ជូនទៅកាន់ជំនាន់ក្រោយ

09-05-2026 13:39

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានលើកឡើងថា ស្មារតីមនុស្សធម៌នៅកម្ពុជា កំពុងបន្តមានភាពរឹងមាំតាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ពីព្រះរាជគំរូដ៏ថ្លៃថ្នូររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកដល់ការដឹកនាំដ៏លះបង់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការចូលរួមដ៏សកម្មរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សុទ្ធតែបានបង្ហាញថា មនុស្សធម៌គឺជាតម្លៃជាតិដ៏សំខាន់មួយ ដែលត្រូវបន្តថែរក្សា បន្តលើកកម្ពស់ និងបន្តបញ្ជូនទៅកាន់ជំនាន់ក្រោយ។

ការលើកឡើងបែនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមឱនកាយគោរពដោយក្តីកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ និងព្រះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចម៉ែ គឺជាព្រះមាតានៃសេចក្តីមេត្តាករុណា ព្រះមាតានៃស្មារតីមនុស្សធម៌ និងជាគំរូដ៏ថ្លៃថ្នូរនៃការលះបង់ដើម្បីជាតិ និងប្រជារាស្ត្រ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការគាំទ្រសកម្មភាពមនុស្សធម៌ ការយកចិត្តទុកដាក់ចំពោះជីវភាពប្រជារាស្ត្រ និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស បានក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់យើងទាំងអស់គ្នា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព្រះរាជគំរូរបស់សម្តេចម៉ែ បានបង្ហាញយ៉ាងច្បាស់ថា ការងារមនុស្សធម៌មិនមែនជាការងារសាមញ្ញនោះទេ ប៉ុន្តែជាបេសកកម្មដ៏ខ្ពង់ខ្ពស់ ដែលត្រូវការចិត្តមេត្តា ការយកចិត្តទុកដាក់ ការស្មោះត្រង់ និងការលះបង់ដោយគ្មានលក្ខខណ្ឌ។ ព្រះវីរភាព និងព្រះរាជគុណូបការៈរបស់ព្រះអង្គនឹងស្ថិតនៅក្នុងដួងចិត្តកូនចៅប្រជារាស្ត្រខ្មែរជានិច្ច និងជាពន្លឺបំភ្លឺផ្លូវដល់សកម្មភាពមនុស្សធម៌របស់យើងទាំងអស់គ្នា។ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះសម្តេចម៉ែ ដែលព្រះអង្គបានលះបង់ព្រះកាយ ព្រះបញ្ញា និងព្រះទ័យដ៏មេត្តាករុណា ដើម្បីប្រជារាស្ត្រខ្មែរ និងដើម្បីសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។

ទន្ទឹមនឹងការគោរពព្រះវីរភាពរបស់សម្តេចម៉ែ , លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមសម្តែងនូវការគោរព ការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ពេលវេលា និងការយកចិត្តទុកដាក់ដ៏មហាសាល ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជាឱ្យរីកចម្រើន មានភាពរឹងមាំ មានកិត្តិយស និងមានសមត្ថភាពឆ្លើយតបចំពោះតម្រូវការមនុស្សធម៌នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងពោរពេញដោយទឹកចិត្តមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាកបាទក្រហមកម្ពុជា បានរីកចម្រើនជាបន្តបន្ទាប់ ទាំងផ្នែកស្ថាប័ន បណ្តាញសាខា អនុសាខា ក្រុមការងារមូលដ្ឋាន យុវជន អ្នកស្ម័គ្រចិត្ត និងសមត្ថភាពក្នុងការចុះជួយប្រជាពលរដ្ឋនៅគ្រប់ទិសទី។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជាអ្នកដឹកនាំស្ថាប័នមនុស្សធម៌មួយប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកនាំផ្លូវនៃសេចក្តីមេត្តាករុណា ជាអ្នកបំផុសស្មារតីចែករំលែក និងជាគំរូដ៏ល្អនៃការដឹកនាំដោយចិត្តមនុស្សធម៌។ ក្នុងគ្រប់កាលៈទេសៈ នៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាក គ្រោះមហន្តរាយ ឬស្ថានភាពងាយរងគ្រោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានវត្តមានយ៉ាងសកម្ម ដើម្បីផ្តល់ជំនួយ សួរសុខទុក្ខ និងផ្តល់កម្លាំងចិត្ត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញឱ្យយើងឃើញថា ការដឹកនាំការងារមនុស្សធម៌ ត្រូវការជាងការគ្រប់គ្រងរដ្ឋបាល។ វាត្រូវការចិត្ត។ វាត្រូវការការលះបង់។ វាត្រូវការការអត់ធ្មត់។ វាត្រូវការការចុះស្វែងយល់ពីទុក្ខលំបាកពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ហើយសំខាន់បំផុត វាត្រូវការគោលការណ៍មនុស្សធម៌ដែលមិនរើសអើង មិនប្រកាន់បក្ខពួក មិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់សាសនា ជាតិសាសន៍ ឬឋានៈសង្គម។ នេះហើយជាតម្លៃដ៏ធំធេង ដែលធ្វើឱ្យកាកបាទក្រហមកម្ពុជា ក្លាយជាស្ថាប័នមនុស្សធម៌ដែលប្រជាពលរដ្ឋទុកចិត្ត សប្បុរសជនគាំទ្រ និងសង្គមទទួលស្គាល់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការចូលរួមប្រកបដោយទឹកចិត្តមនុស្សធម៌របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសស្ត្រី កុមារ គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ អ្នកជំងឺ និងអ្នកដែលត្រូវការការគាំទ្រផ្នែកសង្គម និងមនុស្សធម៌។

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបញ្ជាក់ថា តួនាទីដ៏សកម្មរបស់លោកជំទាវបណ្ឌិត មិនត្រឹមតែជាការចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីដឹកនាំដែលមានចិត្តមេត្តា មានការទទួលខុសត្រូវ និងមានការយកចិត្តទុកដាក់ចំពោះជីវិតពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ការចូលរួមរបស់លោកជំទាវបណ្ឌិត បានបន្ថែមកម្លាំង និងទឹកចិត្តដល់សកម្មភាពមនុស្សធម៌ ជាពិសេសក្នុងការជំរុញឱ្យសង្គមបន្តយកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ អ្នកខ្វះខាត និងអ្នកងាយរងគ្រោះ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តួនាទីរបស់លោកជំទាវបណ្ឌិត ក៏បានបង្ហាញពីសារសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការងារមនុស្សធម៌ និងការកសាងសង្គម។ ស្ត្រីមិនត្រឹមតែជាមាតា ជាអ្នកថែរក្សាគ្រួសារ និងជាមូលដ្ឋាននៃសេចក្តីកក់ក្តៅក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីក៏ជាកម្លាំងដ៏សំខាន់ក្នុងការជួយសង្គម លើកកម្ពស់សុខុមាលភាព ការអប់រំ សុខភាព ការថែទាំកុមារ និងការគាំទ្រដល់អ្នកងាយរងគ្រោះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា ការចូលរួមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាគំរូដ៏ល្អសម្រាប់យុវជន ស្ត្រី និងប្រជាពលរដ្ឋទាំងអស់ ក្នុងការបន្តស្មារតីចែករំលែក ការលះបង់ ការជួយគ្នា និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីធ្វើឱ្យសង្គមកម្ពុជាកាន់តែមានភាពកក់ក្តៅ មានសាមគ្គីភាព និងមិនទុកឱ្យអ្នកណាម្នាក់ត្រូវបានបំភ្លេចចោលឡើយ៕