ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»
09-05-2026 13:58
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»។ ដឹងមុន គឺត្រូវស្គាល់គ្រួសារងាយរងគ្រោះ។ ឆ្លើយតបមុន គឺមិនរង់ចាំឱ្យបញ្ហាក្លាយជាវិបត្តិ។ ជួយមុន គឺយកស្មារតីមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋ មុនពេលពួកគាត់អស់សង្ឃឹម។
ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការអបអរសាទរទិវាកាកបាទក្រហម ប៉ុន្តែស្មារតីដែលយើងលើកឡើងថ្ងៃនេះ ត្រូវតែបន្តទៅថ្ងៃស្អែក និងថ្ងៃបន្ទាប់ៗទៀត។ ពិធីអាចបញ្ចប់នៅថ្ងៃនេះ ប៉ុន្តែការងារមនុស្សធម៌មិនបញ្ចប់ឡើយ។ ពាក្យសន្យារបស់យើងនៅថ្ងៃនេះ ត្រូវតែប្រែក្លាយជាសកម្មភាពនៅមូលដ្ឋាន។ ការអំពាវនាវរបស់យើងនៅថ្ងៃនេះ ត្រូវតែប្រែក្លាយជាការចូលរួមជាក់ស្តែង។ ស្មារតីរួមកម្លាំងគ្នា ត្រូវតែបន្តរស់នៅក្នុងចិត្តរបស់យើងគ្រប់គ្នា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់ថា ដោយមានព្រះរាជគំរូដ៏ថ្លៃថ្នូររបស់សម្តេចម៉ែ ដោយមានការដឹកនាំដ៏ឈ្លាសវៃ និងពោរពេញដោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការចូលរួមដ៏សកម្មរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលខេត្តក្រចេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន សប្បុរសជន យុវជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ ការងារមនុស្សធម៌នៅខេត្តក្រចេះនឹងកាន់តែរឹងមាំ កាន់តែមានប្រសិទ្ធភាព និងកាន់តែជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានច្រើនថែមទៀត។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី សូមឱ្យខេត្តក្រចេះ បន្តក្លាយជាខេត្តនៃសាមគ្គីភាព ការចែករំលែក និងស្មារតីមនុស្សធម៌។ សូមឱ្យប្រជាពលរដ្ឋខេត្តក្រចេះ បន្តរស់នៅដោយសុខដុមរមនា មានសុខភាពល្អ មានជីវភាពកាន់តែប្រសើរ និងមានក្តីសង្ឃឹមចំពោះអនាគត។ សូមឱ្យស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្លាយជាកម្លាំងដ៏រឹងមាំ ដែលនាំឱ្យយើងគ្រប់គ្នាបន្តធ្វើអំពើល្អ បន្តជួយអ្នកខ្វះខាត និងបន្តកសាងសង្គមមួយដែលគ្មានអ្នកណាត្រូវបានបំភ្លេចចោល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមឱ្យស្មារតីមនុស្សធម៌ក្លាយជាវប្បធម៌រស់នៅប្រចាំថ្ងៃរបស់យើង។ មិនមែនត្រឹមតែថ្ងៃ ៨ ឧសភា មិនមែនត្រឹមតែពេលមានពិធី មិនមែនត្រឹមតែពេលមានគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីដែលយើងអនុវត្តរៀងរាល់ថ្ងៃ ក្នុងគ្រួសារ ក្នុងសហគមន៍ ក្នុងមូលដ្ឋាន និងក្នុងសង្គមជាតិទាំងមូល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាបង្កើតវប្បធម៌មួយនៅក្នុងខេត្តក្រចេះ គឺវប្បធម៌មិនបំភ្លេចអ្នកក្រីក្រ វប្បធម៌មិនទុកអ្នកខ្សត់ខ្សោយឱ្យនៅឯកោ និងវប្បធម៌មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ធ្លាក់ក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារខ្វះអាហារ ខណៈដែលអាជ្ញាធរ និងសង្គមមិនបានដឹង ឬមិនបានជួយទាន់ពេលវេលានោះឡើយ។ នេះគឺជាវប្បធម៌មនុស្សធម៌។ នេះគឺជាស្មារតីកាកបាទក្រហម។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះប្រជាពលរដ្ឋ៕



























