សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
09-05-2026 16:05
( កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (១២ ខែឧសភា ឆ្នាំ២០២៦) នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលរងខេត្ត បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៩ ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំចំនួន ២៥០គ្រួសារ។
នាឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះវត្តមានរបស់លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងប្រតិភូដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាព នឹងជាភ្ញៀវកិត្តិយសក្នុងពិធីដ៏មានសារៈសំខាន់នេះ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសារលិខិតរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ថា នេះគឺជាទិវាជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១៤៥ អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងបានគូសបញ្ជាក់បន្ថែមនូវសំណួមពរ និងភារកិច្ចមួយចំនួនទៀត ដើម្បីគ្រប់ថ្នាក់ គ្រប់ផ្នែក ចូលរួមចំណែកក្នុងការគាំទ្រដល់ទិវាអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា នៅពេលនេះផងដែរ ។
នាឱកាសនោះដែរលោក នួន ផារ័ត្ន បានថ្លែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អ៊ុំ ពូ មីង អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ពិសេសបានរួមចំណែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនៅនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
លោក នួន ផារ័ត្ន ក៏បានថ្លែងនូវការដឹងគុណដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានដ៍ឃោឃៅព្រៃផ្សៃ ពីពួកទាហានសៀមមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីប្រទេសជាតិយើងរឹងមាំ រីកចម្រើនលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។
នៅក្នុងឱកាសនេះផងដែរតាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង លោក នួន ផារ័ត្ន បានសម្រេចផ្ដល់ថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់សាងសង់សាលប្រជុំបើកចំហរមួយខ្នង ដែលមានទំហំ ៣៦០ម៉ែត្រការ៉េ សម្រាប់ការជួបជុំនិងរៀបចំពិធីផ្សេងៗ ។
ហើយនៅក្នុងពិធីនេះលោក នួន ផារ័ត្ន ក្នុងនាមអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមចំនួន ២៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល អង្ករចំនួន ៤០គីឡូក្រាម និងឃីតមួយកញ្ចប់ផងដែរ៕















