អនុប្រធានទី២ ព្រឹទ្ធសភា បន្តចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

09-05-2026 16:10

(កំពង់ធំ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងតំណាងមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦ បានបន្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងស្វែងយល់បញ្ហាប្រឈមនឹងឱកាស នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះ និងជួបជុំជាមួយក្រុមប្រឹក្សាឃុំព្រមទាំងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំទាំងអស់លើកឡើងពីកង្វល់ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដែលកន្លងមកបានជួបប្រទះហើយមិនទាន់ដោះស្រាយបានដើម្បីឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារជំរុញមន្ទីរក្រសួងពាក់ព័ន្ធចាត់វិធានការទាន់ពេលវេលា។

តាមរយៈការលើកឡើងរបស់លោកមេឃុំ ឃើញថាប្រជាជនក្នុងមូលដ្ឋានមានបញ្ហាប្រឈមនិងការធ្វើប្លង់កម្មសិទ្ធិដីធ្លីនៅយឺតយ៉ាវដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងចំណុចនេះលោកបណ្ឌិត កោតសរសើរនៅការលើកឡើងជាក់ស្ដែង នឹងជំរុញដល់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់។ យើងមិនមែនជាអ្នកបញ្ជាមន្ត្រីជំនាញទទួលបន្ទុកទេ តែនេះជាយន្តការមួយក្នុងការដោះស្រាយបញ្ហា។

លោកមានប្រសាសន៍ថា បើបញ្ហានេះយើងមិនដោះស្រាយ ហើយយើងរងចាំឱ្យសម្តេចមកដោះស្រាយតើបញ្ហានេះវាយ៉ាងម៉េច។ សម្តេចលោករវល់ណាស់ ចំពោះបញ្ហាប្រទេសជាតិហេតុនេះហើយទើបក្រុមការងារចុះស្វែងយល់ដើម្បីរកយន្តការផ្សេងៗ នឹងសមស្របជូនដល់ថ្នាក់មូលដ្ឋាន។

លោកបណ្ឌិតបានបន្តទៀតថា មកដល់ពេលនេះយើងត្រូវតែរឹងមាំទាំងអស់គ្នា សាមគ្គីភាព និងឯកភាពជាតិខ្មែរតែមួយដើម្បីបង្ហាញការគោរពនិងគាំទ្រដល់ថ្នាក់ដឹកនាំដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញដល់បរទេសជិតខាង ពិសេសប្រទេសសៀមដែលកំពុងឈ្លានពានព្រំដែនរបស់យើង។ ម្យ៉ាងវិញទៀតដូចជាវត្តមានតំណាងស្ថានទូតនានាបានមើលឃើញពីភាពត្រឹមត្រូវរបស់កម្ពុជាដែលត្រូវការសន្តិភាពដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិជាមូលដ្ឋាន។

លោកបានសង្កត់ធ្ងន់ថា ទោះបីពេលនេះយើងជួបប្រទះបញ្ហាច្រើនក៏ប៉ុន្តែការអភិវឌ្ឍមូលដ្ឋាននៅតែបន្តព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាជនដោយគ្មានទីបញ្ចប់៕