មន្ដ្រីជាន់ខ្ពស់៖ ក្រសួងសុខាភិបាលកំពុងបន្ដពង្រឹងគុណភាពមណ្ឌលថែទាំភ្នែកនៅតាមបណ្ដាខេត្ដ ដើម្បីផ្ដល់សេវាថែទាំភ្នែកជូនប្រជាពលរដ្ឋប្រកបដោយចីរភាព

09-05-2026 16:24

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានថ្លែងថា ការលើកកម្ពស់សុខភាពភ្នែកជូនដល់ប្រជាពលរដ្ឋយើងនេះ មិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មមនុស្សធម៌ និងជាសីលធម៌វិជ្ជាជីវៈដ៏ចម្បងបំផុត។

លោកបញ្ជាក់ថា «ដូច្នេះយើងបាននឹងកំពុងបន្ដជំរុញណែនាំបន្ថែមដល់មណ្ឌលថែទាំភ្នែកនៅមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដោយត្រូវពង្រឹងគុណភាព និងសមត្ថភាពការងារ ដើម្បីធ្វើយ៉ាងម៉េចលើកកម្ពស់សេវារបស់យើង ឱ្យមានការប្រើប្រាស់មានប្រសិទ្ធភាព ។ខណៈបច្ចុប្បន្នមណ្ឌលថែទាំនៅតាមបណ្ដាខេត្ដមួយចំនួនមានប្រជាពលរដ្ឋយើងមកទទួលសេវាបានច្រើន តែមណ្ឌលថែទាំមួយចំនួនតូចទៀតនៅមានចំនួនកំណត់»

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសលោកសាស្ត្រាចារ្យ អញ្ជើញចូលរួមពិធីបិទសិក្ខាសាលា «ស្តីពីការពង្រឹងគុណភាពនៅមណ្ឌលថែទាំភ្នែក៖ ការកែលម្អគុណភាពសេវាកម្ម ស្តង់ដារ និងការផ្តល់សេវាថែទាំភ្នែកប្រកបដោយចីរភាព» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ពិធីមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, តំណាងអង្គការ CHAI ប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការដៃគូជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

លោកសាស្ដ្រាចារ្យបានបន្ដថា សម្រាប់សិក្ខាសាលានាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ពីមូលហេតុអ្វីកន្លែងខ្លះអ្នកជំងឺច្រើនទៅទទួលសេវាច្រើន ខ្លះមានចំនួនតិច, ជំរុញមណ្ឌលថែទាំភ្នែកទាំងអស់ ឱ្យមានអ្នកមកប្រើប្រាស់សេវាភ្នែកនៅតាមមូលដ្ឋានឱ្យបានច្រើនដូចគ្នា។

ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ ងី ម៉េង ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ បន្ដជួយផ្សព្វផ្សាយពីការផ្ដល់សេវាថែទាំភ្នែក ដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យប្រជាជនយើងបានដឹង និងមកទទួលសេវាថែទាំឱ្យបានគ្រប់ៗគ្នាចំពោះអ្នកដែលមានបញ្ហាភ្នែក ដោយកុំឱ្យពួកគាត់ចំណាយពេលវេលា ឬថវិកា ដើម្បីធ្វើដំណើរមកទទួលសេវាថែទាំភ្នែកនៅរាជធានីភ្នំពេញនោះទេ ព្រោះធនធានមនុស្ស ឬគុណភាពផ្ដល់សេវាដូចគ្នាទៅនឹងមូលដ្ឋានរបស់ខ្លួន ទាំងសម្ភារៈបរិក្ខារផងដែរ។ ហើយរាល់ការប្រើប្រាស់សេវា គឺអាចប្រើនូវបណ្ណ ប.ស.ស ឬមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលដូចគ្នា។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ជាពិសេសអង្គការ CHAI/ATscale ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងបំពាក់ឧបករណ៍ បរិក្ខារ ដើម្បីបង្កើតមណ្ឌលថែទាំភ្នែកនៅតាមមន្ទីរពេទ្យបង្អែកជាច្រើននៅកម្ពុជា ក្នុងគោលបំណងគាំទ្រយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការ ភ្នែក និងផ្តល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ
មកទទួលសេវាសុខភាពភ្នែក និងជួយកាត់បន្ថយការ ចំណាយរបស់ប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា «សិក្ខាសាលានៅថ្ងៃនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យមើលឡើងវិញនូវលទ្ធផលនៃដំណើរការរបស់មណ្ឌលថែទាំភ្នែក បញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ដំណោះស្រាយ និងជំហានបន្ទាប់ ដែលត្រូវពិភាក្សាឱ្យបានស៊ីជម្រៅ ដើម្បីពង្រឹងការផ្តល់សេវារបស់មណ្ឌលថែទាំភ្នែក ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព នៅពេលដែលថវិកាពីអង្គការដៃគូ ត្រូវបានកាត់បន្ថយ។ ជាការពិតណាស់ថាដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ តម្រូវឱ្យមានការចូលរួមពីថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺការប្តេជ្ញាចិត្តរបស់អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ និងមណ្ឌលថែទាំភ្នែក»។

ទន្ទឹមនឹងនេះតាងនាមឱ្យកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ងី ម៉េង បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់សិក្ខាកាម៖ ១) ធនធានមនុស្ស គឺការបណ្ដុះបណ្ដាល និងប្រើប្រាស់ឱ្យត្រូវធនធានមនុស្ស ២)ហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវធ្វើម៉េចរៀបចំឱ្យបានស្អាត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្ដ ៣) ការប្រចាំការរបស់បុគ្គលិកនៅតាមមណ្ឌលថែទាំភ្នែក ជាប់ជានិច្ចកុំឱ្យប្រជាជនយើងមក រកពេទ្យប្រចាំការអត់ឃើញ និងទី៤) ប្រព័ន្ធរបាយការណ៍ ដែលបញ្ជាក់សំខាន់ថា មណ្ឌលថែទាំភ្នែកបានលទ្ធភាពល្អអត់៕