សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និងបណ្ឌិត ចាយ បូរិន និមន្តនិងអញ្ជើញពិនិត្យមើលការដាំដំណាំ បន្លែបង្ការ នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម)
09-05-2026 16:34
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននិមន្ត និងអញ្ជើញទៅពិនិត្យមើលការដាំដំណាំ បន្លែបង្ការ នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) ដែលមានព្រះវិន័យសំវរ រិន សុផុន ជាព្រះចៅអធិការវត្ត ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃ លោក លោកស្រី ជាថា្នក់ដឹកនាំ មន្ត្រីរាជការ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
ជាកិច្ចស្វាមគមន៍ ព្រះវិន័យសំវរ រិន សុផុន ព្រះចៅអធិការវត្ត បានថ្លែងអំណរព្រះគុណ និងអរគុណដល់សម្តេច បណ្ឌិតរដ្ឋមន្ត្រី ព្រមទាំង លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញមកពិនិត្យមើលការដាំដំណាំ និងបន្លែបង្ការនៅក្នុងវត្ត។ ព្រះវិន័យសំវរ មានព្រះសង្ឃដីការប្រគេន និងបញ្ជាក់ជូនអំពីស្ថានភាពទូទៅរបស់វត្តថា វត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) បានកសាងឡើងតាំងពីឆ្នាំ១៨៣០ (អាយុកាល១៩៦ឆ្នាំ) លើផ្ទៃដីទំហំ ៥ហិកតា ៣២អារ ៦៩ម៉ែត្រក្រឡា។
បច្ចុប្បន្នវត្តមានព្រះសង្ឃសរុបចំនួន ៦៥ព្រះអង្គ តាជី យាយជីសរុបចំនួន៤០នាក់ និងក្មេងវត្តសរុបចំនួន៥នាក់។ កន្លងមក អាស្រ័យដោយមានសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើបធ្វើឱ្យការកសាងសមិទ្ធផលនានានៅក្នុងវត្តមានការរីកចម្រើនជាលំដាប់។ ក្រៅពីសមិទ្ធផលដែលជាសំណង់ហើយនោះ ផ្ទៃដីវត្តមួយចំនួនបានប្រើប្រាស់ទៅលើការរធ្វើកសិកម្មដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ។
ព្រះតេជគុណបានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតឱ្យព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តដាំដុះបន្លែ បង្ការ នេះ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃ តាជី យាជី និងកូនសិស្ស ដែលគង់និងស្នាក់នៅសិក្សារៀនសូត្រ ប្រតិបត្តិធម៌នៅក្នុងវត្ត បានឆាន់និងទទួលទាន។ ម្យ៉ាងទៀតក៏ទទួលបាននូវបន្លែផ្លែឈើធម្មជាតិ ដែលមានគុណភាពខ្ពស់ គ្មានជាតិគីមី ជាគុណប្រយោជន៍ចំពោះព្រះសុខភាពនិងសុខភាព។ ចំណែកបន្លែ ផ្លែឈើមួយចំនួនទៀត ក៏ត្រូវបានផ្ដល់ជាទានសម្រាប់បរិស័ទចំណុះជើងវត្តផងដែរ។
ក្នុងឱកាសនោះ បណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា កន្លងមកក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ បានធ្វើការណែនាំដល់ព្រះមន្ត្រីសង្ឃមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត ជាពិសេសព្រះចៅអធិការគ្រប់វត្តនៅទូទាំងប្រទេស គប្បីយកព្រះទ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំវត្តអារាមនីមួយៗ ឱ្យមានការដាំដំណាំនិងបន្លែបង្ការលើផ្ទៃដីវត្ត តាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះមានដូចជា ស្ពៃគ្រប់មុខ ខាត់ណា សាលាដ ត្រសក់ ត្រកួន ត្រឡាច ល្ពៅ និងដំណាំជីគ្រប់ប្រភេទ ដើម្បីធានាដល់ការប្រើប្រាស់ សម្រាប់បំពេញតម្រូវការជីវភាពប្រចាំថ្ងៃ និងដើម្បីសម្រាលដល់ការទ្រទ្រង់ចង្ហាន់ប្រចាំថ្ងៃរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ទទួលបានបន្លែបង្ការធម្មជាតិ ដែលមានគុណប្រយោជន៍ដល់សុខភាព និងពង្រឹងសាមគ្គីភាព ព្រមទាំងការទំនុកបម្រុងរវាងព្រះសង្ឃនិងពុទ្ធបរិស័ទទៅវិញទៅមក។
សម្តេចព្រះពុទ្ធជ័យមុនី និងបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះវិន័យសំវរ រិន សុផុន ព្រះចៅអធិការវត្តធម្មវិបស្សនារាម (វត្តតាភេម)ដែលបានយកព្រះទ័យទុកដាក់ចាត់ឱ្យអាចារ្យ គណៈកម្មការ ក្មេងវត្ត ជួយរៀបចំឈូសឆាយដីនិងធ្វើរងសម្រាប់ដាំដំណាំនិងបន្លែបង្ការបន្ទាប់បន្សំ ដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃ មិនតែប៉ុណ្ណោះ ព្រះអង្គថែមទាំងបំផុសឱ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនូវសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរ។
សកម្មភាពទាំងនេះ ពិតជាឆ្លើយតបបានយ៉ាងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាសាកល ហើយក៏ស្របទៅនឹងទ្រឹស្តី មត្តញ្ញុតាធម៌ (ការរស់នៅដោយភាពស្គាល់ប្រមាណ) របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដែលទ្រង់សម្តែងឱ្យពុទ្ធបរិស័ទញ៉ាំងជីវិតប្រព្រឹត្តិទៅក្នុងភាពស្គាល់ប្រមាណនិងស្គាល់ភាពគ្រប់គ្រាន់។
ចំណែកបច្ចេកទេសដាំដុះបន្លែបង្ការ គណៈសង្ឃរាជធានី-ខេត្ត មន្ទីរធម្មការនិងសាសនា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសជំនាញផ្នែកកសិកម្ម ដើម្បីជួយផ្នែកបច្ចេកទេសដាំដុះ ការប្រើប្រាស់ពូជ និងជីធម្មជាតិជាដើម សំដៅធានាបាននូវបច្ចេកទេសត្រឹមត្រូវ ក្នុងដំណើរការដាំដំណាំ និងបន្លែបង្ការឱ្យមានភាពល្អប្រសើរនិងវឌ្ឍនភាពទៅមុខជានិច្ច។
សម្តេចព្រះសង្ឃនាយករងទី៣ និងបណ្ឌិតរដ្ឋមន្រ្តី បានជំរុញលើកទឹកព្រះទ័យ ទឹកចិត្តឱ្យព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ យកព្រះទ័យ និងយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្តនិរន្តភាពនៃការដាំដុះនេះឱ្យកាន់តែផលផុស ដើម្បីអភិវឌ្ឍវត្តឱ្យប្រែក្លាយទៅជារមណីយដ្ឋានបៃតង ជាវត្តគំរូសម្រាប់ឱ្យវត្តដទៃៗទៀតនៅទូទាំងប្រទេសបានយកតម្រាបតាម និងដើម្បីរក្សាបានសុខមាលភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ស្របតាមព្រះពុទ្ធដីការ ទ្រង់សម្តែងទុកថា អរោគ្យា បរមា លាភា ភាពមិនមានរោគ ជាលាភដ៏ប្រសើរ។
លើសពីនេះ សម្តេចព្រះសង្ឃនាយករងទី៣ និងបណ្ឌិតរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា រួមជាគណៈសង្ឃនាយក ស្តីពីការដាំបន្លែបង្ការ និងដើមឈើហូបផ្លែ លើផ្ទៃដីវត្តដែលទំនេរ ហើយចូលរួមបង្កើនបរិស្ថានស្អាត ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេស។
លើសពីនេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត និងបណ្ឌិតរដ្ឋមន្រ្តី បានចម្រើនពរនិងអញ្ជើញពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយព្រមទាំងយុវជនយុវនារី ឱ្យចូលមកធ្វើបុណ្យសុន្ទរទាននៅក្នុងវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម) ព្រមទាំងទស្សនាសួនបន្លែសរីរាង្គដែលតាជីយាយជី និងក្មេងវត្ត ព្រមទាំងព្រះសង្ឃបានដាំ ក្រោមព្រះគំនិតផ្តួចផ្តើមរបស់ព្រះវិន័យសំវរ រិន សុផុន ព្រះចៅអធិការ ស្របតាមសេចក្តីណែនាំរបស់គណៈសង្ឃនាយកទាំងពីរគណៈ និងក្រសួងធម្មការនិងសាសនា។
នាឱកាសនោះដែរ លោកបណ្ឌិតរដ្ឋមន្រ្តីក៏បានប្រគេនទេយ្យវត្ថុ បច្ច័យ គ្រឿងបរិក្ខារមួយចំនួន និងជីសរីរាង្គបូកាឈីរ៉ា (BOKACHIRA) ដែលជាផលិតផលខ្មែរ ផលិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដល់ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត លោកតា លោកយាយ ព្រមទាំងបានប្រគេនពរ ជូនពរសូមឱ្យបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕



















