ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៧៨១នាក់ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម

09-05-2026 17:46

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងលោក ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន ប្រចាំការគណបក្សខេត្តកំពង់ចាម បានអញ្ជើញប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៧៨១រូប មកពីភូមិចំនួន១០ ក្នុងសង្កាត់សំបួមាស ក្រុងកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹម ចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មាន តម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផផ្សាភ្ជាប់ទៅនឹងការផ្តល់ និងទទួលសេវាសាធារណៈដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨៕

ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ៕