អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្រើនរំឭកដល់សមាជិកបក្ស បន្តសាមគ្គីភាព រួមគ្នាពង្រឹងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ ជាពិសេសផ្នែកសុខភាព
09-05-2026 18:01
(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្ស ត្រូវបន្តការសាមគ្គីភាពនឹងគ្នាឱ្យបានល្អ រួមកម្លាំងគ្នាបម្រើសេវាសាធារណៈជូនប្រជាជនប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់។
«ជាពិសេសសូមឱ្យសមាជិកបក្ស ចុះសួរសុខទុក្ខដល់ប្រជាជនយើងនៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីបញ្ហាដែលជួបប្រទះជាប្រចាំ ដើម្បីជួយឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ពិសេសលើកបញ្ហាសុខភាព សូមលើកទឹកចិត្តគាត់ឱ្យទៅទទួលសេវាសុខាភិបាល ពិសេសស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់»។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាបក្ស នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងកក់ក្តៅដោយការយល់ចិត្តគ្នា។
នាឱកាសនោះអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ក៏បានគូសរំឭក និងកោតសរសើរដល់សមាជិកបក្សទាំងអស់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ តែទោះជាយ៉ាងណាក៏សូមលើកទឹកចិត្តដល់សមាជិកបក្សបន្តបំពេញការងារឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីធានាថាគ្មានពលរដ្ឋយើងណាម្នាក់មិនទទួលបានការជួយសម្រាលការលំបាកពីអាជ្ញាធរមូលដ្ឋានយើងក្នុងគ្រាដែលជួបការលំបាកឡើយ។
លើសពីនោះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានស្នើដល់សមាជិកបក្ស ត្រូវផ្សព្វផ្សាយការយល់ដឹងពីបញ្ហាសុខភាព ដែលជាផ្នែកដ៏សំខាន់ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋយើងនៅតាមភូមិឃុំឱ្យមានសុខភាពល្អ ហើយបើមានបញ្ហាខ្វះថវិកាក្នុងការព្យាបាល សមាជិកបក្សត្រូវជួយដោះស្រាយភ្លាមៗ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តែងតែទទួលបានការផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃផងដែរ។
ក្នុងកិច្ចសំណេះសំណាលខាងលើនេះ សមាជិក សមាជិកាបក្ស បានសម្តែងនូវភាពសប្បាយរីករាយ និងបានប្តេជ្ញារួមគ្នា បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរជាលំដាប់៕






























