មតេ្តយ្យសិក្សាសហគមន៍នៅភូមិថ្មី អរគុណសប្បុរសជន ដែលជួយថវិកាធ្វើបន្ទប់ទឹក និងប្រើប្រាស់តាមតម្រូវការ
10-05-2026 11:21
(កំពង់ឆ្នាំង)៖ លោកស្រី ផូ យ៉ានុត គ្រូបង្រៀនសាលាមតេ្តយ្យសហគមន៍ភូមិថ្មី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជន ដែលបានជួយសាលា ដែលលោកស្រីបង្រៀន ជាថវិកាបាន ៦៨០ ០០០រៀល។ លោកស្រី នឹងយកថវិកានេះទៅរៀបចំជាអាទិភាព ឲ្យមានបន្ទប់ទឹកសម្រាប់សិស្សសិក្សាទីនេះ ដែលមាន ២២នាក់ ស្រី ១១នាក់ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
មតេ្តយ្យសិក្សាសហគមន៍នៅភូមិថ្មី មានតែ ១ខ្នង និងមាន ១បន្ទប់ ខណៈបន្ទប់ទឹកមិនមានឡើយ ហើយគ្រូបង្រៀនទីនេះ មានតែម្នាក់ និងមានប្រាក់ខែ ៥៥០ ០០០រៀល ពីសាលាឃុំ។
ក្នុងសំណើដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកគ្រូ ផូ យ៉ានុត បានស្នើសុំសប្បុរសជនជួយក្រាលការ៉ូសាលា ធ្វេីដងទង់ជាតិ ធ្វេីបន្ទប់ទឹកបង្កើតឲ្យមានល្បែងលេងក្រៅថ្នាក់និងក្នុងថ្នាក់ ព្រមទាំងចាក់ដី និងធ្វេីរបងខាងមុខសាលា។
គួរជម្រាបថា បើគេទៅដល់ក្រុងកំពង់ឆ្នាំង ចោលផ្នែកក្រឡេកមើលទៅទិសខាងជើងភាគខាងកើត គេនឹងឃើញភ្នំនាងកង្រី ដែលស្ថិតនៅក្នុងស្រុកកំពង់លែង ដែនដីនៃអាណាចក្រចេនឡា។ ស្រុកនេះ មានចំនួន ៩ឃុំ រួមមាន ឃុំកំពង់ហាវ ឃុំច្រណូក ឃុំស្វាយរំពារ ឃុំដារ ឃុំពោធិ៍ ឃុំត្រងិល ឃុំសំរោងសែន ឃុំប្រឡាយមាស និងឃុំផ្លូវទូក។
ដើម្បីដល់ស្រុកកំពង់លែង គេត្រូវតែជិះទូក ឬសាឡាង នេះក៏ព្រោះថា អតីតដែនដីនៃជំរំហ្វឹកហាត់ទ័ពរបស់តេជោមាស និងតេជោយ៉ត មួយនេះ គឺជាភ្នំធំៗ ដែលហ៊ុមព័ទ្ធដោយទន្លេ។ គេក៏អាចស្គាល់ស្រុកមួយនេះ តាមរយៈបទចម្រៀងដ៏ពីរោះ «បុប្ផាកំពង់ហៅ» ដែលជាបទចម្រៀងរបស់លោក ស៉ិន ស៉ីសាមុត បកស្រាយផងដែរ។ ជាការណ៍ពិត ស្រុកកំពង់លែង មានតំបន់ខ្លះនៅតែខ្វះខាត។
សប្បុរសជន ដែលជួយសាលាមតេ្តយ្យសហគមន៍ភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមមាន៖
១. លោក សេម ចូលរួម ១០០ ០០០រៀល និពន្ធនាយករង និងជាប្រធានផ្នែកចំណេះដឹងទូទៅ Fresh News ហើយខិតខំរៃអង្គាសថវិកា
២. លោកស្រី Net Ly ម្ចាស់ដេប៉ូលក់សាំង ចូលរួម ២០០ ០០០រៀល
៣. លោក ដាវីត ម្ចាស់ហាងជួសជុលទូរសព្ទ ចូលរួម ៤០ ០០០រៀល
៤. កញ្ញា រួម ឆាដា ពិធីការិនី ទូរទស្សន៍ Fresh News ចូលរួម ៤០ ០០០រៀល
៥. លោក ឆេង សុភារ៉ា និពន្ធនាយករង Fresh News ចូលរួម ២០ ០០០រៀល
៦. កញ្ញា ប៉ាង ប៊ុនថេង ធ្វើការនៅ Fresh News ចូលរួម ៤០ ០០០រៀល
៧. កញ្ញា សិរី សុភា ធ្វើការនៅ Vayo ចូលរួម ៥០ ០០០រៀល
៨. លោកស្រី ម៉ាឡែន សុវណ្ណរ៉ា ម្ចាស់គ្លីនិកពិគ្រោះនិងព្យាបាលជំងឺ ចូលរួម ៥០ ០០០រៀល
៩. លោក ហុង វាសនា ភ្នាក់ងារ BTV ចូលរួម ៥០ ០០០រៀល
១០. លោកស្រី លឹម សេងហ៊ន់ ចូលរួម ៥០ ០០០រៀល
១១. លោកស្រី វ៉ូចនី ម្ចាស់ហាង ខ្យងស្រែ ចូលរួម ៤០ ០០០រៀល។
គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣ ៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់។ នេះបើតាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕







