ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ ខេត្តកំពង់ចាម ចុះពិនិត្យមើលការកែលម្អសោភ័ណភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនានានៅវត្តគិរីមង្គលភ្នំទែត្រក្រៅ

10-05-2026 12:41

(កំពង់ចាម)៖ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យមើលការងារជួសជុល និងកែលម្អសោភ័ណភាពបរិវេណខាងក្នុងវត្តគិរីមង្គលភ្នំទែត្រក្រៅ (ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម) ដែលជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យ និងភាពស្រស់ស្អាតនៃទីអារាម។

យោងតាមសកម្មភាពជាក់ស្តែង ផែនការការងារបានផ្តោតលើចំណុចសំខាន់ៗចំនួន ៥រួមមាន៖

ទី១. ជួសជុលសំណង់៖ ជួសជុលផ្នែកដែលខូចខាតដោយសារកត្តាអាយុកាល និងអាកាសធាតុ ដូចជាដំបូល ជញ្ជាំងព្រះវិហារ និងខ្លោងទ្វារ
ទី២. កែលម្អបរិស្ថានបៃតង៖ រៀបចំសួនច្បារ ដាំដើមឈើ និងផ្កាលម្អ ដើម្បីបង្កើតបរិយាកាសស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ
ទី៣. រៀបចំសណ្តាប់ធ្នាប់៖ រៀបចំកន្លែងចតយានយន្ត និងផ្លូវដើរឱ្យមានរបៀបរៀបរយ ងាយស្រួលដល់ពុទ្ធបរិស័ទ
ទី៤. សោភ័ណភាព និងការតុបតែង៖ លាបថ្នាំកែលម្អក្បាច់រចនា និងសម្អាតបរិវេណជុំវិញឱ្យមានភាពទាក់ទាញ
ទី៥. ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ៖ រៀបចំបណ្តាញទឹក-ភ្លើង និងប្រព័ន្ធលូ ដើម្បីបង្ការការលិចលង់ក្នុងរដូវវស្សា

​វត្តគិរីមង្គលភ្នំទែត្រក្រៅ បានខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធនានាតាមរយៈការរៀបការ៉ូឡា និងបន្ថែមក្រវាត់បៃតង ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើឱ្យទីអារាមក្លាយជាទីគោរពបូជាដ៏ស័ក្តិសម និងជាកន្លែងទាក់ទាញសេចក្តីជ្រះថ្លា។

ព្រះចៅអធិការព្រះនាម ញ៉ែម សុផាត (រតនបាលោ) បានមានព្រះសង្ឃដីកាថា វត្តនេះមានឈ្មោះផ្លូវការថា វត្តគិរីមង្គលភ្នំទែត្រក្រៅ (ហៅវត្តទួល) កសាងឡើងតាំងពីឆ្នាំ១៩៦២ (អាយុកាល ៦៤ឆ្នាំ) លើផ្ទៃដីទំហំជាង ៥ហិកតា។ បច្ចុប្បន្នវត្តមានព្រះសង្ឃ ១០អង្គ តាជី-យាយជី ១២នាក់ និងក្មេងវត្ត ៣នាក់។

​ក្រោមសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើឱ្យសមិទ្ធផលនានាក្នុងវត្តរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនេះវត្តក៏បានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាំបន្លែបង្ការ និងដើមឈើហូបផ្លែលើដីទំនេរ ដើម្បីចូលរួមបង្កើនបរិស្ថានស្អាត ស្របតាម អភិក្រម «ស៣» របស់ក្រសួងធម្មការ និងសាសនា ដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេសផងដែរ៕