រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យអាជ្ញាធររួមគ្នាការពារ និងអភិរក្សសត្វផ្សោត, សត្វក្តាន់ ជីវៈចម្រុះតាមដងទន្លេមេគង្គ ឱ្យបានគង់វង្ស ដើម្បីបង្កើនចំណូលសម្រាប់ពលរដ្ឋតាមរយៈទេសចរណ៍ធម្មជាតិ

10-05-2026 13:13

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានស្នើឱ្យអាជ្ញាធរខេត្ត មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាការពារ និងអភិរក្សសត្វផ្សោត, សត្វក្តាន់ ជីវៈចម្រុះដ៏សម្បូណ៍បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិក្នុងខេត្តក្រចេះ ឱ្យបានគង់វង្ស និងបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិ។

ការស្នើបែបនេះរបស់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ខេត្តក្រចេះ ក៏សម្បូរណ៍តំបន់ធម្មជាតិ ហើយសត្វផ្សោត គឺយើងបានការពារពីចំនួនជាង៧០ក្បាល រហូតកើនជាង១១០ក្បាល ហើយនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យើងអត់ឃើញ សត្វផ្សោតស្លាប់ដោយសារជាប់មង ឬដោយសារតែឧបករណ៍ឆក់នោះទេ លើកលែងតែកូនផ្សោតស្លាប់ដោយសារតែផ្សោតឈ្មោលបុក ដោយសារតែប្រចណ្ឌជាមួយមេផ្សោតតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈការខិតខំការពារ និងអភិរក្សសត្វផ្សោត គឺបានទាក់ទាញភ្ញៀវទេសចរកាន់តែឡើងមកទស្សនាលេងកម្សាន្តនៅទឹកដីខេត្តក្រចេះ ជាពិសេសភ្ញៀវនិយមជិះទូកមើលសត្វផ្សោតនៅអន្លង់ព្រែកកាំពី។ ត្រង់ចំណុចនេះ អាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ អង្គការ WWF និងមន្ត្រីពាក់ទាំងអស់ ត្រូវគិតគូរពីវិធីសាស្ត្រនាំភ្ញៀវទេសចរជិះទស្សនាសត្វផ្សោត ដើម្បីកុំបង្កឱ្យបង្កផលរំខានដល់សត្វផ្សោតជាដើម។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រសួង បានគូសបញ្ជាក់ថា ការណាលំហរនៃដំណើរផ្លាស់ទីរបស់សត្វផ្សោត មានការរំខានខ្លាំង តាមការសិក្សាស្រាវជ្រាវវានឹងធ្វើឱ្យសត្វផ្សោតស្ត្រេសនឹងធ្វើឱ្យសត្វផ្សោតលំបាកបន្តពូជ។ ដូច្នេះអាជ្ញាធរ ត្រូវគិតគូរសិក្សាឱ្យបានហ្មត់ចត់រៀបចំសៀគ្វី សម្រាប់ភ្ញៀវទេសចរជិះទូកគយគន់សត្វផ្សោតលើដងទន្លេមេគង្គ។

អតីតអ្នកនាំពាក្យក្រសួងរិស្ថាន និងជាប្រតិបត្តិករឆ្នើមួយរូប ជំរុញការផ្សព្វផ្សាយ និងអភិរក្សសត្វព្រៃកម្រនៅកម្ពុជា, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា នៅដែនជម្រកសត្វព្រៃព្រែកប្រសព្វ របស់ខេត្តក្រចេះ គឺជាតំបន់ដែលមានវត្តមានសត្វក្តាន់ច្រើនជាងគេនៅលើពិភពលោក បើយោងតាមការសិក្សាស្រាវជ្រាវសត្វក្តាន់បានប្រែប្រួលពីការដើររកស៉ីពេលថ្ងៃ ដោយងាកមករកស៉ីពេលយប់វិញ។ កត្តាដែលនាំឱ្យសត្វក្តាន់ប្រែប្រួលទម្លាប់រកស៉ីនេះគឺបណ្តាលមកពីមនុស្សដើរចូលព្រៃច្រើន ដែលបង្កផលរំខានដល់សត្វក្តាន់ ដែលជាប្រភេទសត្វកម្រនៅលើពិភពលោក។

ចំពោះបញ្ហានេះ, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាររួមគ្នាទប់ស្កាត់បទល្មើសបំផ្លាញ់ធនធានធម្មជាតិ ជាពិសេសការចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់នៅក្នុងតំបន់ការពារធនធានធម្មជាតិជាដើម។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២៦នេះ សត្វផ្សោតក្នុងប្រទេសកម្ពុជាមានចំនួន ១១៣ក្បាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មជាសេនាធិការរាជរដ្ឋាភិបាល ជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស អង្គការ WWF ធ្វើការក្នុងគោលដៅរួមគ្នា ដើម្បីចាត់វិធានការពង្រឹងកិច្ចការពារ ដោយ បានបង្កើត ក្រុមឆ្មាំទន្លេចំនួន ៧២រូប យាមល្បាតជាប្រចាំនៅតំបន់អភិរក្សសត្វផ្សោត។

បច្ចុប្បន្ននេះ ប្រភេទសត្វក្តាន់នេះត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិ សម្រាប់ការពារធម្មជាតិ IUCN។ សត្វក្តាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រមាណ១០០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀតមាននៅក្នុងភូមិសាស្រ្តខេត្តកោះកុង៕