នគរបាលស្រុកស្វាយជ្រំ កោះហៅក្មេងទំនើង៣នាក់ ដែលបង្កការអុកឡុកក្នុងសាលារៀនយកមកអប់រំ
10-05-2026 13:16
(ស្វាយរៀង)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ នៅថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៦ បានធ្វើលិខិតកោះហៅក្មេងទំនើងចំនួន៣នាក់ ដែលតែងតែអុកឡុកនៅក្នុងសាលារៀនមកអប់រំ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ក្មេងទំនើងទាំងបីនាក់ដែលតែងតែអុកឡុកនៅក្នុងសាលារៀនបង្ករការលំបាកដល់លោកគ្រូ អ្នកគ្រូ ទី១- ឈ្មោះ ម៉ម មករា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ, ទី២-ឈ្មោះ ជេត នី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ និងទី៣- ឈ្មោះ រិន សាម៉ាន់ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូឌុបគ្នាចូលទៅក្នុងសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានបង្កការអុកក្នុងសាលា និងបាននិយាយឌឺដងទៅលើមិត្តភក្តិ ដែលកំពុងរៀន។
សមត្ថកិច្ចបានបន្តថា ក្រោយពីសួរនាំក្មេងទំនើងទាំង៣នាក់រួចមក ពួកខ្លួនបានសារភាពថា ពិតជាបានជិះម៉ូតូចូលទៅក្នុងទីធ្លារសាលារៀនបឋមសិក្សាស្វាយធំ បង្កអុកឡុកពិតមែន។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតឱ្យសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាល មកទទួលដើម្បីយកទៅអប់រំបន្ត៕



















