សាលាដំបូងខេត្តឧត្តរមានជ័យ បំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការដោះលែងជនជាតិចិន ៥នាក់ និងជនជាតិខ្មែរ ៣នាក់, ការផ្សព្វផ្សាយនេះមានចរិតញុះញង់ និងបង្កើតឱ្យមានការយល់ច្រលំលើចំណាត់ការរបស់តុលាការ
10-05-2026 13:51
(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មានគេហទំព័រហ្វេសប៊ុករបស់អ្នកសារព័ត៌មាន នៅក្នុងបណ្តាញទំនាក់ទំនងហ្វេសបុកមួយចំនួនបានផ្សព្វផ្សាយ និងចែករំលែកបន្តបន្ទាប់នូវព័ត៌មានពាក់ព័ន្ធនឹងការដោះលែងជនជាតិចិនចំនួន០៥នាក់ និងជនជាតិខ្មែរចំនួន០៣នាក់ ទាក់ទងនឹងបទល្មើស «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» ដែលការផ្សព្វផ្សាយនេះមានចរិតលក្ខណៈជាការញុះញង់ និងបង្កើតឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជន មកលើចំណាត់ការរបស់សាលាដំបូងខេត្តឧត្តរមានជ័យ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១៦២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ។
ដើម្បីជៀសវាងការភ័ន្តច្រលំ និងការយល់ខុសពីសំណាក់សាធារណជន ក៏ដូចជាបណ្តាញផ្សព្វផ្សាយនានា អ្នកនាំពាក្យនៃសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបអំពីមូលដ្ឋាននៃការអនុវត្តនូវចំណាត់របស់សាលាដំបូងខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ ១៦២ ចុះថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ១០៧ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែលបានបើកការស៊ើបសួរលើជនត្រូវចោទ៖
ក.ឈ្មោះ ម៉ៅ ឡៃយាន ហៅ ផាំងផាំង ភេទប្រុស ជនជាតិចិន ពីបទ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ, ប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន», ខ. ឈ្មោះ យន់ ហ្វេង ហៅ ស្វា ភេទប្រុស ជនជាតិចិន, គ. ឈ្មោះ ដុង សេង ឬ លៃ ជាវ ភេទប្រុស ជនជាតិចិន, ឃ. ឈ្មោះ លីវ ឈឹងក្វាន់ ហៅ ឡុង ភេទប្រុស ជនជាតិចិន, ង. ឈ្មោះ លីវ ហួនចូវ ហៅ ហាងចូវ ភេទប្រុស ជនជាតិចិន ពីបទៈ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ», ច. ឈ្មោះ កាន់ និមិត្ត ភេទប្រុស ជនជាតិខ្មែរ, ឆ. ឈ្មោះ អ៊ុំ រតនា ហៅ រាំ ភេទប្រុស ជនជាតិខ្មែរ និង ជ. ឈ្មោះ ង៉ុយ ថារី ភេទប្រុស ជនជាតិខ្មែរ ពីបទៈ «សមគំនិតក្នុងអំពើឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» ប្រព្រឹត្តនៅអគារD អគារH និងអគារ F ជាន់ទី១ បន្ទប់លេខ ១០៨ ស្ថិតនៅក្នុងកាស៊ីណូអូរស្មាច់រីសត ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងនៅចំណុចក្រោយបន្ទាយទាហានលេខ៤០២ ស្ថិតនៅភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីអំឡុងឆ្នាំ២០២៤, អំឡុងខែមីនា ឆ្នាំ២០២៥ និងអំឡុងថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤, ២៦, ២៧ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានទទួលបន្ទុកចាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ក្នុងនាមជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានបំពេញនីតិវិធី ដោយបានធ្វើការសួរចម្លើយជនត្រូវចោទ, បានស្តាប់ចម្លើយបំភ្លឺរបស់សាក្សី ព្រមទាំងបានពិនិត្យភស្តុតាងនានា នៅក្នុងសំណុំរឿង និងក្រោយពីបានពិនិត្យអង្គហេតុ និងអង្គច្បាប់ចប់សព្វ គ្រប់ហើយ ក្នុងនាមជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានធ្វើការបិទការស៊ើបសួរតាមរយៈលិខិតជូនដំណឹងលេខៈ ៤២៤ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ និងដីកាបញ្ជូនសំណុំរឿងឱ្យពិនិត្យលេខៈ ២១៩ ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ ទៅលោកតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ហើយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាដំណោះស្រាយលេខៈ ២១៤ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចលើកលែងចោទប្រកាន់លើជនត្រូវចោទឈ្មោះ ក. ឈ្មោះ ដុង សេង ឬ លៃ ជាវ ភេទប្រុស ជនជាតិចិន, ខ. ឈ្មោះ លីវ ឈឹងក្វាន់ ហៅ ឡុង ភេទប្រុស ជនជាតិចិន, គ. ឈ្មោះ លីវ ហួនចូវ ហៅ ហាងចូវ ភេទប្រុស ជនជាតិចិន ពីបទៈ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» និងឃ. ឈ្មោះ កាន់ និមិត្ត ភេទប្រុស ជនជាតិខ្មែរ, ង.ឈ្មោះ អ៊ុំ រតនា ហៅ រាំ ភេទប្រុស ជនជាតិខ្មែរ និង ច. ឈ្មោះ ង៉ុយ ថារី ភេទប្រុស ជនជាតិខ្មែរ ពីបទៈ «សមគំនិត ក្នុងអំពើឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» ដោយផ្អែកតាមភស្តុតាងនានា ព្រមទាំងចម្លើយបំភ្លឺរបស់សាក្សីទាំងអស់។
ដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បញ្ជាក់ឱ្យឃើញបានថាៈ ជនត្រូវចោទ៖ ក. ឈ្មោះ ដុង សេង ឬ លៃ ជាវ ភេទប្រុស ជនជាតិចិន, ខ. ឈ្មោះ លីវ ឈឹងក្វាន់ ហៅ ឡុង ភេទប្រុស ជនជាតិចិន, គ. ឈ្មោះ លីវ ហួនចូវ ហៅ ហាងចូវ ភេទប្រុស ជនជាតិចិន, ឃ. ឈ្មោះ កាន់ និមិត្ត ភេទប្រុស ជនជាតិខ្មែរ, ង.ឈ្មោះ អ៊ុំ រតនា ហៅ រាំ ភេទប្រុស ជនជាតិខ្មែរ និង ច.ឈ្មោះ ង៉ុយ ថារី ភេទប្រុស ជនជាតិខ្មែរ ពុំមានការពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសខាងលើនេះឡើយ និងបានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនជនត្រូវចោទ៖ ក.ឈ្មោះ ម៉ៅ ឡៃយាន ហៅ ជាំងបាំង ភេទប្រុស ជនជាតិចិន ទៅជំនុំជម្រះពីបទ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ, ប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» និង ខ.ឈ្មោះ យន់ ហ្វេង ហៅ ស្វា ភេទប្រុស ជនជាតិចិន ទៅជំនុំជម្រះពីបទ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» ប្រព្រឹត្តនៅអគារD អគារH និងអគារ F ជាន់ទី១ បន្ទប់លេខ ១០៨ ស្ថិតនៅក្នុងកាស៊ីណូអូរស្មាច់រីសត ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងនៅចំណុចក្រោយបន្ទាយទាហានលេខ៤០២ ស្ថិតនៅភូមិគោកប្រាសាទ សង្កាត់កូន ក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីអំឡុងឆ្នាំ២០២៤, អំឡុងខែមីនា ឆ្នាំ២០២៥ និងអំឡុងថ្ងៃទី២០ រហូត ដល់ថ្ងៃទី២៤, ២៦, ២៧ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
នៅដំណាក់កាលជំនុំជម្រះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានបើកសវនាការ ដើម្បីជំនុំជម្រះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១៦២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត ឧត្តរមានជ័យ និងបានចេញសាលក្រមព្រហ្មទណ្ឌលេខៈ ៤“ឃ”/៤២ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសម្រេចឱ្យជនជាប់ចោទ ក. ឈ្មោះ ម៉ៅ ឡៃយាន ហៅ ផាំងផាំង ភេទប្រុស ជនជាតិចិន និងខ. ឈ្មោះ យន់ ហ្វេង ហៅ ស្វា ភេទប្រុស ជនជាតិចិន រួចខ្លួនពីបទចោទ «ឃាតកម្មដោយមានទារុណកម្ម និងអំពើឃោរឃៅ» ប្រព្រឹត្តនៅអគារD អគារH និងអគារ F ជាន់ទី១ បន្ទប់លេខ ១០៨ ស្ថិតនៅក្នុងកាស៊ីណូអូរស្មាច់រីសត ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងនៅចំណុចក្រោយបន្ទាយទាហានលេខ៤០២ ស្ថិតនៅភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីអំឡុងឆ្នាំ២០២៤, អំឡុងខែមីនា ឆ្នាំ២០២៥ និងអំឡុងថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤, ២៦, ២៧ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
និងសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉ៅ ឡៃយាន ហៅ ផាំងផាំង ភេទប្រុស ជនជាតិចិន ដាក់ពន្ធនាគារ កំណត់រយៈពេល ០២ឆ្នាំ ០៦ខែ (ពីរឆ្នាំប្រាំមួយខែ) តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ០៩ខែទោសដែលនៅសល់ត្រូវព្យួរធម្មតា មាត្រា ១០៦ និងមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ ពីបទ៖ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅស៊ីណូអូរស្មាច់ រីសត ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី១ និងកថាខណ្ឌទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ជូនដែរថា នៅក្នុងចំណាត់ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តឧត្តរមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ១៦២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ត្រូវបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងបានពិនិត្យស្រាវជ្រាវ និងចាត់ការលើករណីនេះ ដោយម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត ដើម្បីធានាការពារប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធដោយឈរឈើអង្គហេតុ ភស្តុតាង និងអង្គច្បាប់ជាធរមាន៕








