ការប្រទះឃើញ គ្រួសារសត្វផ្សោតឃ្លៀច នៅសហគមន៍នេសាទព្រែកត្នោតខេត្តកំពត (Video inside)
10-05-2026 14:58
(កំពត)៖ រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃ សហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។
កូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល។
ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់។
អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។
ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕




