មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រី និងពលអាវុធហត្ថបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

10-05-2026 15:28

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកស្រី ប្រាក់ សុជាតា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីស្តុកទុកសម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងថា៖ «ការបរិច្ចាគឈាម គឺជាការចែករំលែក និងជាកាយវិការមនុស្សធម៌ដ៏មានតម្លៃ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលា។ កងរាជអាវុធហត្ថខេត្ត តែងតែចូលរួមគាំទ្រ និងបំពេញសកម្មភាពសង្គម មនុស្សធម៌ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសហគមន៍»

ក្នុងឱកាសនោះដែរ លោក អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជាការ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យ បានចំនួន៥៩កំប្លោក សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល និងសង្គ្រោះអ្នកជំងឺ៕