អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ប្រមូលថវិកាជិត ៧ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជន ដើម្បីបម្រើការងារមនុស្សធម៌
10-05-2026 15:34
(ស្ទឹងត្រែង)៖ អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ប្រមូលថវិកាជិត ៧ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជន ដើម្បីបម្រើការងារមនុស្សធម៌។
លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននូវស្មារតី សម្ភារៈ ស្បៀង និងមូលនិធិ គឺជាសកម្មភាពជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ឱ្យកាន់តែមានលទ្ធភាពយ៉ាងច្រើនជំនួយដល់អាជ្ញាធរមូលដ្ឋានក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម រួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោក សរ សុពុត្រា បានឱ្យដឹងថា ក្រោមមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្នុងគោលបំណងអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបន្តការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជន។
លោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា មូលនិធិជំនួយមនុស្សធម៌ របស់សប្បុរសជនទទួលបានចំនួន ៦៩ ១៧៦ដុល្លារសហរដ្ឋអាមេរិក សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងពិធីប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា។
លោក ផៃ ប៊ុនឈឿន ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង បានថ្លែងថា៖ «យើងត្រូវបន្តគិតគូរពីសុខភាព និងសុខមាលភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ពីព្រោះថា ស្ថានភាពបច្ចុប្បន្ន គឺការប្រកួតប្រជែងអំណាច ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប៉ះពាលដល់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ»។
លោកថាការចូលរួម ជាថវិកា សម្ភារៈ ជាស្បៀងនានាសម្រាប់ការងារមនុស្សធម៌ គឺដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាង ជួយដល់ប្រជាពលរដ្ឋ គ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខភាព ការថែទាំសុខភាព តាមសហគមន៍ ទប់ស្កាត់នូវជំងឺឆ្លងនានា។ ទី១ គឺគិតគូរដល់ប្រជាពលរដ្ឋដែលបានជួបការលំបាក់ផ្ទាល់ និងទី២ គឺមានស្បៀងសំរាប់ជួយទៅជនភៀសសឹក រឺក៏ផ្តល់ទៅសមភូមិមុខ។
ក្នុងឆ្នាំ២០២៦នេះ ខួបលើកទី១៦៣ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» បានបង្ហាញពីសុច្ឆន្ទៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការអំពាវនាវបងប្អូន រួមជាតិគ្រប់មជ្ឈដ្ឋាន បន្តរួមកម្លាំងសាមគ្គីភាពជាតិរឹងមាំ ដើម្បីភាពធន់ និងត្រូវនាំគ្នាជម្នះលើរាល់ការលំបាកទាំងឡាយ ក្នុងស្ថានភាព មិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិភ័យ ទំនាស់តាមតំបន់នានានៅក្នុងសកលលោក។ ដោយឡែកសម្រាប់កម្ពុជា ក៏នៅមានតម្រូវការចាំបាច់ក្នុងការបន្តជួយដល់ប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិដែល បង្កឡើងដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា-ថៃ និងត្រូវជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងឡាយ។
លោក សរ សុពុត្រា បានបញ្ជាក់ថា នៅឆ្នាំ២០២៥ និងរយៈពេលប៉ុន្មានខែឆ្នាំ២០២៦ កាកបាទក្រហមខេត្ត បានជំរុញការអនុវត្តការងារ លើវិស័យអាទិភាពទាំង៤បានយ៉ាងខ្ជាប់ខ្ជួន។ ការផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ១ ៧៤៧គ្រួសារ គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន៧គ្រួសារ សាងសង់អណ្តូងស្នប់ដល់សហគមន៍ ចំនួន៦អណ្តូង ការងារយុវជនឆ្នើមថ្នាក់ជាតិបានផ្តល់កញ្ចប់ជូនស្រ្តីសម្រាលកូនបាន១៨នាក់ ចុះអប់រំសុខភាពដល់ស្រ្តីក្នុងវ័យបន្តពូជចំនួន ១២៨នាក់ និងផ្តល់អំណោយមនុស្សធម៌ដល់កុមារសម្រាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន៦នាក់ លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ដែលផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះ ចំនួន ១២២៩គ្រួសារ៕





















