អតីតសកម្មជន និងអ្នកគាំទ្របក្សភ្លើងទៀនជាង ៤០០នាក់ ដែលសម្រេចិត្តដើរចេញពីបក្ស ត្រូវប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកបរសេដ្ឋ

10-05-2026 15:56

(កំពង់ស្ពឺ)៖ សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៤៥២នាក់ ដែលមកពីគណបក្សភ្លើងទៀន ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំប្រកាសបញ្ចូលជាសមាជិកថ្មីជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ពិធីនោះមានការអញ្ជើញចូលរួមពីលោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ, លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងជាក្រុមការងារស្នូលក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោក ទេព មាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានសមាជិកសមាជិកាគណៈកម្មការគណបក្សស្រុកច្រើនរូប។

លោក ទេព មាន បានឡើងមានមតិស្វាគមន៍គណៈអធិបតី ក៏ដូចជាសមាជិកសមាជិកា លោក លោកស្រី ដែលជាសមាជិកថ្មី ឱ្យសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

នៅក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីបញ្ចូលសមាជិកគណបក្សថ្មី ក្នុងស្រុកបរសេដ្ឋ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេតែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋ។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក យូ សិរីវុឌ្ឍ បានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

លោក យូ សិរីវុឌ្ឍ បានបញ្ជាក់ថា ចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ «ស្ងៀមស្ងាត់ តែមិននៅស្ងៀម» រហូតបានការទទួលស្គាល់ពីអន្តរជាតិ។

សមាជិក-សមាជិកាទាំង៤៥២រូប មកពីគណបក្សភ្លើងទៀនបានឡើងធ្វើការចាប់អារម្មណ៍និងប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចដូចខាងក្រោម៖

*១៖ សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ
*២៖ ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា និងប្រតិបត្ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត
*៣៖ ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឱ្យបានល្អប្រសើរ
*៤៖ ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ
*៥៖ ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឱ្យទទួលបានជោគជ័យដាច់ខាត។

សូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញង់ បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕