បុរសដែលឆក់ត្រីព្រោះជីវភាពលំបាក បានចេញពីពន្ធនាគារទៅជួបជុំប្រពន្ធកូនហើយ ជាមួយកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ

10-05-2026 18:43

(បាត់ដំបង)៖ បុរសដែលឆក់ត្រីដើម្បីចិញ្ចឹមគ្រួសារ ព្រោះតែជីវភាពក្រីក្រលំបាក ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តបាត់ដំបងហើយ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឲ្យដោះលែង។

អ្នកឆក់ត្រីដែលមហាជនសម្ដែងក្ដីអាណិតអាសូរ្យនោះ មានឈ្មោះ សាន ប៊ុនលក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើការនេសាទដោយប្រើឧបករណ៍ឆក់ ប្រព្រឹត្តនៅចំណុចព្រែកហេវ ស្ថិតនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ ចំណុចទី៣ នៃច្បាប់ស្តីពីជលផល ឆ្នាំ២០២៥ នៅក្រៅឃុំជាបណ្តោះអាសន្ន។

តុលាការខេត្តបានសម្រេចដោះលែងឲ្យត្រលប់ទៅផ្ទះវិញហើយ ដោយឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តខុសច្បាប់ទៀត។ សកម្មភាពឆក់ត្រីជាបទល្មេីស បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលច្បាប់ហាមឃាត់។ ដូច្នេះក្រោយពីបានត្រលប់ទៅផ្ទះវិញ តុលាការបានណែនាំបុរសរូបនោះ ឲ្យបញ្ឈប់ការឆក់ត្រីនេះទៀត។

លោកស្រី ថាត ស្រីមុំ ជាភរិយាលោក សាន ប៊ុនលក និងប្តី ព្រមទាំងក្រុមគ្រួសារ បានបង្ហាញនូវអារម្មណ៍រីករាយក្រៃលែង ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រពៃ លេីកលែងទោសដល់ប្តីរបស់គាត់ឲ្យមានសេរីភាពមកជួបជុំគ្រួសារវិញ។

លោក សាន ប៊ុនលក ដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ និងបានទៅដល់ផ្ទះជួបជុំប្រពន្ធ និងកូនតូចៗទាំង៤នាក់របស់គាត់វិញហើយនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

លោកបានសន្យាថា មិនប្រព្រឹត្តបទល្មេីសឆក់ដូច្នេះទៀតឡើយ។

លោកប្តេជ្ញាចូលរួមគោរពច្បាប់ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទគ្រប់ប្រភេទ ក្នុងគោលបំណងឲ្យផលនេសាទមានការកេីនឡេីងវិញ។

តាមការរៀបរាប់របស់គាត់, នេះជាលើកទី១របស់គាត់ដែលបានយកឧបករណ៍ឆក់ត្រី ដោយសារកន្លងទៅបង់សំណាញ់ និងដាក់មង ។

លោកទទួលស្គាល់កំហុស ហើយសូមថ្លែងអំណរគុណថ្នាក់ដឹកនាំដែលបានជួយអន្តរាគមន៍ឲ្យលោកមានសេរីភាពវិញ។

ក្រុមការងារដែលបានទៅដល់ផ្ទះរបស់គាត់ ពិតជាបានមើលឃើញថា លោក សាន ប៊ុនលក និងគ្រួសារ មានជីវភាពលំបាកមែនទែន ហើយរបរនេសាទជាឆ្នាំងចិញ្ចឹមក្រពះរបស់ពួកគេ។

សូមរួមគ្នាទប់ស្កាត់ និងបញ្ឈប់សកម្មភាពឆក់ត្រី ដើម្បីមច្ឆាជាតិរបស់យើង!