គណបក្សប្រជាជនកម្ពុជាឃុំឫស្សីស្រុក បញ្ចូលសមាជិកបក្សថ្មីចំនួន៤៣រូប មកពីគណបក្សនយោបាយដទៃ
11-05-2026 10:22
(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ចូលសមាជិកបក្សថ្មីចំនួន៤៣រូប សុទ្ធសឹងជាសមាជិកមកពីគណបក្សនយោបាយដទៃ បន្ទាប់ពីពួកគេបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សបានបម្រើប្រយោជន៍ដ៏ពិតប្រាកដជូនជាតិ និងប្រជាជន។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦។ លោក នួម សុខុន តំណាងឱ្យលោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារគណបក្សជួយមូលដ្ឋានឃុំឫស្សីស្រុក បានថ្លែងបង្ហាញអារម្មណ៍សោមនស្សរីករាយយ៉ាងក្រៃលែង បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤៣រូប មកពីនិន្នាការនយោបាយផ្សេងៗ។
លោក នួម សុខុន បានលើកឡើងថា ការសម្រេចចិត្តរបស់សមាជិកបក្សទើបចូលថ្មីនេះថា បង្ហាញពីជំនឿចិត្តលើការដឹកនាំរបស់គណបក្ស ដែលតែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ។
លោក នួម សុខុន បានបញ្ជាក់ដូច្នេះ «ចាប់ពីពេលនេះតទៅ យើងគឺជាគ្រួសារតែមួយ ដែលត្រូវរួមគ្នារក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ភូមិឃុំយើងឱ្យកាន់តែរីកចម្រើន។ រួបរួមកម្លាំងដើម្បីជាតិមាតុភូមិ។ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនសមាជិកថ្មីទាំង៤៣រូប ក្នុងឃុំឫស្សីស្រុក។ ការចូលរួមរបស់បងប្អូន គឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងសមិទ្ធផលនានាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា។ យើងរួមកម្លាំងគ្នា ដើម្បីអនាគតដ៏ភ្លឺស្វាងនៃកូនចៅយើង»។
លោក នួម សុខុន បានបន្តថា «រស់នៅជាមួយប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន។ នេះ គឺជាគោលការណ៍គ្រឹះរបស់គណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ យើងមិនត្រឹមតែស្វាគមន៍សមាជិកថ្មី ៤៣ រូបប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានប្តេជ្ញាបន្តយកចិត្តទុកដាក់លើសុខុមាលភាពបងប្អូនដែលរងគ្រោះដោយធម្មជាតិ និងពង្រឹងប្រព័ន្ធគាំពារសង្គមក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ»។
លោក នួម សុខុន បានគូសរំលេចដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ។ សន្តិភាពនេះហើយដែលអនុញ្ញាតឱ្យកម្ពុជាមានផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ។ ជាងនេះទៅទៀត ទោះបីជាមានគ្រោះធម្មជាតិ ឬការលំបាកយ៉ាងណា ក៏រាជរដ្ឋាភិបាលមិនបោះបង់បងប្អូនចោលឡើយ តាមរយៈយន្តការគាំពារសង្គម និងការស្តារជីវភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក នួម សុខុន ក៏បានណែនាំដល់សមាជិកបក្សប្រជាជនកម្ពុជាទាំងថ្មី និងចាស់នៅក្នុងឃុំឫស្សីស្រុក រក្សាសាមគ្គីភាពផ្ទៃក្នុង និងមានជំនឿចិត្តមុតមាំលើកម្មវិធីនយោបាយបក្ស។ ធ្វើជាពលរដ្ឋគំរូ ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងសហគមន៍៕













