ទឹកចិត្តសប្បុរសធម៌! សប្បុរសជនមកពីប្រទេសកូរ៉េ បានសាងសង់សួនកុមារ និង Playground យ៉ាងស្រស់ស្អាត ជូនសិស្សានុសិស្ស នៃសាលាបឋមសិក្សារការកោង ស្រុកមុខកំពូល
11-05-2026 12:07
(កណ្តាល)៖ សួនកុមារ និង Playgound យ៉ាងស្រស់ស្អាតមួយ ស្ថិតក្នុងភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសាងសង់ឡើងបាន១០០ភាគរយ ដោយសប្បុរសជនមកពីប្រទេសកូរ៉េ និងជាគំនិតផ្តួតផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់ សាធារណៈនៃអគ្គស្នងការនគរបាលជាតិ។
ទាំងអស់នេះជាការរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ និងកសាងសមិទ្ធិផលនានាជូនជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រីក និងពង្រឹងគោលនយោបាយទំនាក់ទំនងអន្តរជាតិ ដើម្បីជ្រៀតចូលក្នុងសហគមន៍ ប្រកបដោយចិរភាព និងទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។
លោកឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់ សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានគៀងគរ មិត្តកូរ៉េ តាមរយៈអង្គការ រ៉ូតារី កូរ៉េ ដឹកនាំដោយលោក គង់ មីយ៉ុងស៊ីក និងលោក គឹម សាំងស៊ូ រួមទាំងសហការី របស់អង្គការ ក្រោន ហ្វ័រ ឈឺលដ្រេន បានចូលរួមកសាងសួនកុមារ ប្រកបដោយសោភ័ណ្ឌភាព ទុកសម្រាប់សិស្សានុសិស្សលេងក្រោយម៉ោងចេញលេង និងបានរត់លេងលំហែរអារម្មណ៍ បង្កើនភាពស្និទ្ធិស្នាលរវាងមិត្តរួមថា្នក់ និងមិត្តរួមសាលាផងដែរ។
សួនកុមារនៃសាលាបឋមសិក្សារការកោង ស្រុកមុខកំពូល ខេត្តកណ្តាលនេះ បានដាក់សម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក ហុង គីរី អភិបាលរង តំណាង លោក យី យ៉េន អភិបាលស្រុកមុខកំពូល។
ឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបញ្ជាក់ថា «អង្គការ រ៉ូតារី កូរ៉េ និងអង្គការ ក្រោន ហ្វ័រ ឈឺលដ្រេន គឺមិត្តស្និតស្នាលបំផុតរបស់កម្ពុជា ព្រោះអង្គការនេះ បានចូលរួមកសាងសួនកុមារតាមបណ្តាសាលារៀនជាច្រើនផងដែរក្នុងប្រទេសកម្ពុជា ហើយអង្គការនេះនៅតែបន្តកសាងតាមសាលាបឋមសិក្សា នានាបន្ថែមទៀតផង»។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ទូច សុភា និងលោកជំទាវ លោកគ្រូ អ្នកគ្រូមានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់ អង្គការរ៉ូតារី កូរ៉េ និងអង្គការ ក្រោន ហ្វ័រ ឈឺលដ្រេន ដែលបានកសាង សួនកុមារ សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា រការកោង១ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ៕
























