បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិនឱ្យចូលសោធននិវត្តន៍
11-05-2026 12:57
(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ ចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ-នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង ៩ក្រុង-ស្រុក ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» រួមនឹងកិច្ចការសង្គមជាច្រើន។
ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាងក្នុងភូមិសាស្ត្របន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យមានរបួស ពិការ និងពលីក្នុងសមរភូមិផងដែរ។
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានផ្ដាំផ្ញើរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ាន លះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កងរាជអាវុធហត្ថមិនត្រឹមតែចូលរួមការពារសន្តិសុខជូន ប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន។
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន ដើម្បីធ្វេីបច្ចុប្បន្នភាព ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍៕












































