សប្បុរសជនមហាជនមជ្ឈដ្ឋាននានា ផ្ដល់ថវិកាជិត៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមខេត្តស្ទឹងត្រែង ក្នុងឱកាសខួបលើកទី១៦៣
11-05-2026 14:58
(ស្ទឹងត្រែង)៖ ក្នុងស្មារតីសាមគ្គីភាពក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ប្រមូលបានថវិកាបឋមជិត ៧០,០០០ ដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជននានា ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា នាថ្ងៃចុងសប្តាហ៍ ខែឧសភា ២០២៦ កន្លងមកនេះ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ ដែលធ្វើឱ្យសាខាខេត្ត មានលទ្ធភាពកាន់តែខ្លាំងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
លោក សរ សុពុត្រា បានបង្ហាញពីសមិទ្ធផល និងលទ្ធផលការងារអាទិភាពទាំង៤ គួរឱ្យមោទនៈក្នុងឆ្នាំ ២០២៥ និងប៉ុន្មានខែក្នុង២០២៦ ដោយកាកបាទក្រហមខេត្ត បានចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន១,៧៤៧ គ្រួសារ និងគ្រួសាររងគ្រោះដោយអគ្គិភ័យ៧គ្រួសារ, សាងសង់អណ្ដូងស្នប់ចំនួន៦អណ្ដូង, ឧបត្ថម្ភស្រ្តីសម្រាលកូន បាន១៨នាក់ និងអប់រំសុខភាពបន្តពូជ ដល់ស្ត្រីចំនួន១២៨នាក់, ផ្ដល់អំណោយដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងគ្រួសារងាយរងគ្រោះសរុបជាង១,២០០គ្រួសារ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានប្រកាសលទ្ធផលជាផ្លូវការ នូវថវិកាដែលទទួលបានពីសប្បុរសជនសរុបចំនួន ៦៩,១៧៦ ដុល្លារសហរដ្ឋអាមេរិក។
លោក បានសង្កត់ធ្ងន់ថា ទោះបីស្ថានភាពពិភពលោក កំពុងជួបប្រទះការប្រកួតប្រជែងអំណាច និងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏បេសកកម្មមនុស្សធម៌ត្រូវតែបន្តយ៉ាងសកម្ម ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីជួយពលរដ្ឋរងគ្រោះពីការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ជំងឺឆ្លង និងថែទាំសុខភាពតាមសហគមន៍ ត្រៀមស្បៀងបម្រុងសម្រាប់ជួយដល់ជនភៀសសឹក និងគ្រួសារយុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារព្រំដែន។
ស្មារតីនៃខួបលើកទី១៦៣ នេះ គឺជាការរំលឹកឡើងវិញ នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដើម្បីជម្នះរាល់ការលំបាក និងនាំមកនូវភាពញញឹម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល៕


























