កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបជនប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ពលរដ្ឋប្តឹងឲ្យជួយអន្តរាគមន៍តាមលេខ HotLine1292
11-05-2026 15:13
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូន ប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជនសង្ស័យម្នាក់ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបាននូវព័ត៌មានអំពីហេតុការណ៏នេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងទង ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្ករភ្លាមៗនៅនឹងកន្លែង។
ជនសង្ស័យមានឈ្មោះ សួន ថន អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនបង្ករបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធ្វើតាមនីតិវិធីបន្ត៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/283459













