Fresh Exclusive: ចិន កំពុងសិក្សាពីចំណុចខ្សោយរបស់អាមេរិក តាមរយៈសង្គ្រាមអ៊ីរ៉ង់ (Video inside)
11-05-2026 16:17
(ភ្នំពេញ)៖ សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ហាញចំណុចខ្លាំងនិងចំណុចខ្សោយរបស់សហរដ្ឋអាមេរិកដែល ជាប្រទេសនៃមហាអំណាចសេដ្ឋកិច្ចនិងឧត្តមភាពយោធាលើសកលលោក។ នៅពីក្រោយសមរភូមិ និងការប្រឈមមុខដ៏តានតឹងនេះ ប្រទេសចិន កំពុងតាមដាន និងសិក្សាយ៉ាងយកចិត្តទុកដាក់ពីចំណុចខ្សោយយុទ្ធសាស្ត្ររបស់អាមេរិក។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយក្រោមប្រធានបទ «ចិន កំពុងសិក្សាពីចំណុចខ្សោយរបស់សហរដ្ឋអាមេរិក តាមរយៈសង្គ្រាមអ៊ីរ៉ង់»
សង្គ្រាមអ៊ីរ៉ង់ មិនមែនគ្រាន់តែជាសង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ឬរវាងអ៊ីស្រាអែល និងក្រុម Proxy អ៊ីរ់ង់ក្នុងមជ្ឈិមបូព៌ាតែប៉ុណ្ណោះទេ។ នៅពីក្រោយសមរភូមិ និងសំឡេងបាញ់គ្រាប់មីស៊ីល និងដ្រូន មានប្រទេសមហាអំណាចមួយទៀត នោះគឺប្រទេសចិន ដែលតែងតាមដានយ៉ាងយកចិត្តទុកដាក់ ពីចំណុចខ្សោយ និងដែនកំណត់អំណាចរបស់សហរដ្ឋអាមេរិកក្នុងសង្ក្រាមអ៊ីរ៉ង់នេះ។
សម្រាប់ទីក្រុងប៉េកាំង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងក្លាយជាមន្ទីរពិសោធន៍យុទ្ធសាស្ត្រមួយ ដើម្បីសិក្សាថា តើអាមេរិកមានចំណុចខ្សោយអ្វីខ្លះ នៅពេលប្រឈមមុខនឹងសង្គ្រាមដែលមិនអាចបញ្ចប់បានដោយអំណាចយោធាតែមួយមុខគត់នោះ។ អ្វីដែលធ្វើឱ្យសង្គ្រាមនេះ គួរឱ្យចាប់អារម្មណ៍សម្រាប់ចិន គឺមិនមែនថា អ៊ីរ៉ង់ខ្លាំងជាងអាមេរិកទេ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ខ្សោយជាងចិនឆ្ងាយណាស់ ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា កម្លាំងទ័ពកម្លាំងអាកាស និងអំណាចសមុទ្រ។ ប៉ុន្តែសូម្បីតែប្រទេសដែលខ្សោយជាងនេះក៏ដោយ ក៏នៅតែអាចបង្កើតសម្ពាធយុទ្ធសាស្ត្រលើសហរដ្ឋអាមេរិកបាន។ នេះហើយជាមេរៀនដែលចិនកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ពីសង្គ្រាមអ៊ីរ៉ង់នេះ។
* សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ហាញថា អំណាចអាមេរិក ក៏មានព្រំដែនកំណត់
សារព័ត៌មាន CNN បានចុះផ្សាយថា អ្នកវិភាគ និងមន្ត្រីយោធាចិន កំពុងសិក្សាពីបទពិសោធន៍របស់អាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ ដើម្បីយល់ថាតើកម្លាំងយោធាអាមេរិក ដំណើរការយ៉ាងដូចម្តេច នៅពេលប្រឈមមុខនឹងសង្គ្រាមដែលស្ថិតក្រោមសម្ពាធដ៏ពិតប្រាកដនោះ។ ចំណុចសំខាន់បំផុត ដែលចិនអាចកំពុងមើលឃើញគឺថា សហរដ្ឋអាមេរិក ទោះមានបច្ចេកវិទ្យាយោធាទំនើបប៉ុណ្ណា ក៏មិនអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុងបានដែរ។
ជាក់ស្តែង អាមេរិកអាចវាយប្រហារមូលដ្ឋានយោធា បំផ្លាញទីតាំងមីស៊ីល ឬគ្រប់គ្រងដែនអាកាសបានក៏ពិតមែន ប៉ុន្តែអ៊ីរ៉ង់នៅតែអាច គំរាមដល់សុវត្ថិភាពច្រកសមុទ្រ Hormuz បង្កឱ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ បង្កអស្ថិរភាពក្នុងការដឹកជញ្ជូននិងពាណិជ្ជកម្មអន្តរជាតិ និងបង្ខំឱ្យអាមេរិកប្រុងប្រយ័ត្នចំពោះហានិភ័យនៃការពង្រីកសង្គ្រាមថែមទៀត។ នេះបង្ហាញថា សង្គ្រាមសម័យថ្មី មិនចាំបាច់ត្រូវឈ្នះតាមរយៈការបំផ្លាញសមត្ថភាពយោធារបស់គូប្រជែងទាំងស្រុងទេ។ ពេលខ្លះគ្រាន់តែអាចបង្កើត «ថ្លៃដើមយុទ្ធសាស្ត្រឱ្យកាន់តែខ្ពស់» ឱ្យទៅគូប្រជែង និងធ្វើឱ្យប្រទេសមហាអំណាចពិបាកគ្រប់គ្រងស្ថានការណ៍បានរួចទៅហើយ។
* Hormuz អាចក្លាយជាមេរៀនសម្រាប់ច្រក Taiwan
ចំណុចដែលចិនប្រាកដជាកំពុងចាប់អារម្មណ៍ខ្លាំង គឺរឿងច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានប្រើ Hormuz ជាឧបករណ៍ចរចាយុទ្ធសាស្ត្រ ដោយគំរាមដល់ចរន្តប្រេងពិភពលោក និងសេដ្ឋកិច្ចអន្តរជាតិ។ សូម្បីតែការគំរាមប៉ុណ្ណេះ ក៏អាចធ្វើឱ្យទីផ្សារប្រេងរញ្ជួយ និងបង្កសម្ពាធលើអាមេរិក និងសម្ព័ន្ធមិត្តបានរួចទៅហើយ។ សម្រាប់ចិន នេះជាមេរៀនសំខាន់មួយ បើអ៊ីរ៉ង់ អាចប្រើច្រក Hormuz ដើម្បីបង្កសម្ពាធលើពិភពលោកបាន តើចិនអាចប្រើច្រក Taiwan ឬសមុទ្រចិនខាងត្បូង ដើម្បីបង្កើតសម្ពាធយុទ្ធសាស្ត្រដាក់លើអាមេរិក និងសេដ្ឋកិច្ចពិភពលោក បានដែរឬទេ?
នេះមិនមែនជាសំណួរតូចទេ ព្រោះច្រក Taiwan ក៏ជាច្រកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែរ។ ការរំខានត្រឹមតែបន្តិចនៅក្នុងតំបន់នោះ ក៏អាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ការផលិតបច្ចេកវិទ្យា និងពាណិជ្ជកម្មអន្តរជាតិទាំងមូលបានដែរ។
* សង្គ្រាមដ្រូន កំពុងផ្លាស់ប្តូរនិយមន័យនៃអំណាចយោធា
សង្គ្រាមអ៊ីរ៉ង់ ក៏កំពុងបង្ហាញមេរៀនមួយទៀត ដែលចិនប្រហែលជាកំពុងសិក្សាយ៉ាងស៊ីជម្រៅនោះគឺ សង្គ្រាម Drone និងអាវុធដែលមានតម្លៃថោក។ CNN បានរាយការណ៍ថា អ៊ីរ៉ង់អាចប្រើ Drone តម្លៃទាប និងមីស៊ីលមិនសូវទំនើប ដើម្បីបង្កសម្ពាធលើប្រព័ន្ធការពារដ៏ថ្លៃរបស់អាមេរិក។ នេះជាមេរៀនគ្រោះថ្នាក់បំផុតសម្រាប់សង្គ្រាមសម័យថ្មី។ មានន័យថា ប្រព័ន្ធការពារដែលមានតម្លៃថ្លៃ អាចត្រូវបានបង្ខំឱ្យចំណាយធនធានយ៉ាងច្រើន ដើម្បីទប់ទល់នឹងអាវុធដែលមានតម្លៃថោកជាង។
សម្រាប់ចិន ដែលជាប្រទេសមានសមត្ថភាពផលិត Drone ទ្រង់ទ្រាយធំ នេះជារឿងដែលអាចផ្លាស់ប្តូរការគណនាយុទ្ធសាស្ត្រនាពេលអនាគត។ សង្គ្រាមអ៊ីរ៉ង់ បានបង្ហាញថា មូលដ្ឋានទ័ពអាមេរិកនៅបរទេស អាចត្រូវបានវាយប្រហារដោយដ្រូនថោកៗ និងមីស៊ីលច្រើនគ្រាប់ក្នុងពេលតែមួយ ដែលអាចបង្កសម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធការពារ និងសមត្ថភាពឆ្លើយតបរបស់អាមេរិក។
សម្រាប់ទីក្រុងប៉េកាំង មេរៀននេះ ប្រហែលជាមិនត្រូវបានមើលត្រឹមតែជាសង្គ្រាមនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែជាការគិតគូរទាក់ទងនឹងមូលដ្ឋានយោធាអាមេរិកនៅតំបន់ Indo-Pacific ផងដែរ ដូចជា កោះ Guam, កោះ Okinawa របស់ជប៉ុន, មូលដ្ឋានអាមេរិកនៅហ្វីលីពីន និងនៅកូរ៉េខាងត្បូង ជាដើម។ នេះមានន័យថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ហាញដល់ចិនថា សង្គ្រាមសម័យថ្មី អាចមិនត្រូវការនូវការប្រឈមមុខដោយផ្ទាល់រវាងកងទ័ពធំៗនោះទេ ប៉ុន្តែគេអាចប្រើ Drone និងអាវុធដែលមានតម្លៃទាប ដើម្បីបង្កើតសម្ពាធយុទ្ធសាស្ត្រលើប្រទេសមហាអំណាចបាន។
* ចំណុចខ្សោយធំបំផុតរបស់អាមេរិក ប្រហែលមិនមែននៅលើសមរភូមិទេ
អ្វីដែលសង្គ្រាមអ៊ីរ៉ង់កំពុងបង្ហាញ មិនមែនថា អាមេរិកខ្សោយខាងយោធាទេ។ ជាក់ស្តែង អាមេរិក នៅតែមានអំណាចយោធាធំបំផុតក្នុងពិភពលោក។ ប៉ុន្តែចំណុចខ្សោយដែលចិនអាចកំពុងសិក្សាគឺ ការគ្រប់គ្រងថ្លៃដើមនៃសង្គ្រាមដែលចំណាយប្រាក់ដ៏មហាសាល។
អ៊ីរ៉ង់ មិនចាំបាច់ឈ្នះអាមេរិកឡើយក្នុងសង្គ្រាមនេះ។ អ៊ីរ៉ង់ គ្រាន់តែអាចធ្វើឱ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិរអាក់រអួល សម្ព័ន្ធមិត្តកាន់តែព្រួយបារម្ភ សង្គ្រាមអូសបន្លាយយូរ និងសម្ពាធនយោបាយក្នុងស្រុកអាមេរិកកើនឡើង។ វាក៏អាចបង្កើតភាពទន់ខ្សោយជាយុទ្ធសាស្ត្រមួយដល់សត្រូវរបស់ខ្លួន បានរួចទៅហើយ។ អ្វីទាំងនេះ គឺជាចំណុចរបស់អ្នកវិភាគ Mark Pfeifle ដែលបានលើកឡើងនៅក្នុងអត្ថបទរបស់ Al Jazeera ថា «សហរដ្ឋអាមេរិក មិនសូវមានឧបករណ៍ច្រើននៅសល់ក្នុងប្រអប់យុទ្ធសាស្ត្ររបស់ Donald Trump ទៀតទេ»។ អត្ថន័យនៃការលើកឡើងនេះ មិនមែនសំដៅថា អាមេរិកអស់សមត្ថភាពយោធានោះទេ ប៉ុន្តែសំដៅថា ជម្រើសសម្រាប់គ្រប់គ្រងសង្គ្រាម និងការពារកុំឱ្យវិបត្តិពង្រីកធំឡើង កំពុងកាន់តែរួមតូច។ ហើយនេះប្រហែលជាមេរៀនដ៏សំខាន់បំផុតមួយ ដែលចិនកំពុងសិក្សាពីសង្គ្រាមអ៊ីរ៉ង់នេះ។
* សេចក្តីសន្និដ្ឋាន៖ សង្គ្រាមអ៊ីរ៉ង់ អាចកំពុងផ្លាស់ប្តូររបៀបដែលចិនមើលអាមេរិក
មេរៀនធំបំផុត ដែលចិនអាចកំពុងសិក្សា ពីសង្គ្រាមនេះ គឺថា៖ «ឧត្តមភាពយោធា មិនធានាដោយស្វ័យប្រវត្តិ នូវការគ្រប់គ្រងជាយុទ្ធសាស្ត្រនោះទេ»។ មានន័យថា សហរដ្ឋអាមេរិក ទោះមានកម្លាំងយោធាខ្លាំងលើសលុប និងបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោកក៏ដោយ ក៏វាមិនមានន័យថា អាមេរិកអាចគ្រប់គ្រងលទ្ធផលនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយទាំងមូលបានឡើយ។ អាមេរិកអាចឈ្នះសមរភូមិជាច្រើន ប៉ុន្តែការឈ្នះនៅលើសមរភូមិ មិនប្រាកដថា អាចបញ្ចប់សង្គ្រាម ឬបង្ខំគូប្រជែងឱ្យចុះចាញ់តាមគោលដៅនយោបាយបាននោះទេ។
សម្រាប់ទីក្រុងប៉េកាំង នេះប្រហែលជាមេរៀនដ៏សំខាន់បំផុត ពីសង្គ្រាមអ៊ីរ៉ង់។ ព្រោះសម្រាប់ប្រទេសមហាអំណាច អ្វីដែលគួរឱ្យព្រួយបារម្ភ មិនមែនត្រឹមតែ “ការចាញ់សង្គ្រាម” ប៉ុណ្ណោះទេ ប៉ុន្តែគឺ ការធ្លាក់ចូលទៅក្នុងសង្គ្រាម ដែលមិនអាចបញ្ចប់បានដោយងាយ និងបន្តអូសបន្លាយដោយការត្រូវចំណាយប្រាក់ដ៏មហាសាល។ ហើយនៅពេលសង្គ្រាមអ៊ីរ៉ង់ កំពុងបង្ហាញថា សូម្បីតែអ៊ីរ៉ង់ ដែលមានសមត្ថភាពទាបជាងចិនឆ្ងាយក៏ដោយ ក៏ក្រុងតេហេរ៉ង់ នៅតែអាចបង្កើតសម្ពាធយុទ្ធសាស្ត្រ សម្ពាធសេដ្ឋកិច្ច និងសម្ពាធនយោបាយដាក់លើសហរដ្ឋអាមេរិកបាន។ ដូច្នេះ ក្រុងប៉េកាំង ប្រាកដជាកំពុងមើលសង្គ្រាមនេះ មិនមែនគ្រាន់តែជាវិបត្តិនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ, វាជាមេរៀនសម្រាប់សង្គ្រាមនាពេលអនាគតរបស់ខ្លួនផងដែរ។
នៅក្នុងក្រសែភ្នែករបស់ចិន សង្គ្រាមអ៊ីរ៉ង់ ប្រហែលមិនត្រឹមតែកំពុងបង្ហាញពីភាពខ្លាំងរបស់អាមេរិកមានទំហំប៉ុណ្ណានោះទេ ប៉ុន្តែក៏កំពុងបង្ហាញពី “ព្រំដែននៃអំណាចកំណត់របស់អាមេរិក” ផងដែរ មានន័យថា សូម្បីតែប្រទេសមហាអំណាចបំផុតក្នុងពិភពលោក ក៏មិនអាចគ្រប់គ្រងលទ្ធផលនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយទាំងអស់បានដោយងាយនោះដែរ ទោះបីចំណាយប្រាក់ដ៏មហាសាល និងប្រើអំណាចយោធាដ៏លើសលុប ក្នុងការធ្វើសង្គ្រាមមួយ ដែលមិនអាចបង្ខំឱ្យអ៊ីរ់ង់ចុះចាញ់តាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនបានឡើយ៕


















