សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះ ៤២គ្រួសារ នៅស្រុកសំរោងទង
11-05-2026 16:38
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤២គ្រួសារ រស់នៅភូមិចំនួន១៧ ឃុំវល្លិសរ នៃស្រុកសំរោងទង។
ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ(ស្តីទី) ជាចៅអធិការវត្តចំបក់ពោធិ៍ពាន់ និងជាព្រះប្រធានកិត្តិយសសាខាកាកបាទក្រហម ស្រុកសំរោងទង។
សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងការប្រើប្រាស់ថវិកា ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ប៉ោក សេដ្ឋា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាកលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតតែលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែលោកបានចាត់សហការីចុះសួរសុខទុក្ខនិងជួបផ្ទាល់ជាមួយបងប្អូនដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ បានទាន់ពេលវេលា ។
គួរបញ្ជាក់ផងដែរថា អំណោយសាខាដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ១ដប និងថវិកា ២ម៉ឺនរៀល។
ក្នុងនោះសាខាក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឍគង់នូវវត្តចំបក់ពោធិ៍ពាន់មាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ, ប្រេងឆា ២ដប និងបច្ច័យចំនួន ២០ម៉ឺនរៀលផងដែរ៕




























