នាវាដឹកប្រេងឆៅ ៣គ្រឿង លួចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយបិទប្រព័ន្ធតាមដាន ដើម្បីបញ្ចៀសការវាយប្រហារពីអ៊ីរ៉ង់ (Video inside)
11-05-2026 19:22
(សិង្ហបុរី)៖ ទិន្នន័យនាវាចរណ៍បានបង្ហាញនាថ្ងៃចន្ទនេះថា មាននាវាដឹកប្រេងឆៅចំនួន ៣គ្រឿង បានធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូស កាលពីសប្តាហ៍មុន និងថ្ងៃអាទិត្យ ដោយបានបិទប្រព័ន្ធតាមដានរបស់ខ្លួន ដើម្បីជៀសវាងការវាយប្រហារពីប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមស្ថាប័នទិន្នន័យ Kpler និង LSEG នាវាដឹកប្រេង Agios Fanourios I និង Kiara M ដែលផ្ទុកប្រេងឆៅរបស់អ៊ីរ៉ាក់ចំនួន ២លានធុងក្នុងមួយគ្រឿង បានលួចឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ នាវា Agios Fanourios I កំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងក្នុងប្រទេសវៀតណាម បន្ទាប់ពីធ្លាប់ឆ្លងកាត់មិនបានសម្រេច ២ដងរួចមកហើយ។ ចំណែកឯនាវា Kiara M ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន មិនទាន់ដឹងពីគោលដៅច្បាស់លាស់នៅឡើយទេ។
ដោយឡែក នាវាដឹកប្រេង Basrah Energy មួយគ្រឿងទៀត ក៏បានប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានេះ ដើម្បីដឹកប្រេងឆៅចំនួន ២លានធុងចេញពីស្ថានីយប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម កាលពីដើមខែនេះផងដែរ។ ការបិទប្រព័ន្ធតាមដាននេះ កំពុងក្លាយជានិន្នាការថ្មីមួយសម្រាប់ក្រុមហ៊ុនប្រេងនានា ដើម្បីប្រថុយនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ា ចំពេលដែលជម្លោះនៅតែបន្តរាំងខ្ទប់ផ្លូវនាវាចរណ៍ដ៏សំខាន់មួយនេះ៕






