ត្រីខកំប៉ុង និងទឹកត្រី អាចជំនួសផលិតផលនាំចូល ខណៈរោងចក្រសម្រេចការសាងសង់បានជាង៦០% នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប
11-05-2026 20:31
(កែប)៖ រាប់ជាគម្រោងវិនិយោគដំបូងមួយនៅកម្ពុជា ដែលផ្តោតលើការផលិតត្រីខកំប៉ុង និងទឹកត្រី ក្នុងទ្រង់ទ្រាយឧស្សាហកម្ម ខណៈរោងចក្ររបស់ក្រុមហ៊ុន សៃសាន់ អុីនវេសមុិន ឯ.ក កំពុងដំណើរការសាងសង់នៅលើទឹកដីខេត្តកែប និងសម្រេចបានជាង៦០ភាគរយហើយ។ ក្រោយដំណើរការ រោងចក្រនេះនឹងមានតម្រូវការត្រីទឹកប្រៃ និងត្រីទឹកសាបរាប់តោនក្នុងមួយថ្ងៃ ដើម្បីផលិតត្រីខកំប៉ុង និងទឹកត្រី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងពង្រីកសមត្ថភាពផលិត ដើម្បីជំរុញផលិតផលក្នុងស្រុក ឱ្យកាន់តែមានសក្តានុពលប្រកួតប្រជែងលើទីផ្សារ។
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកអភិបាលខេត្តកែប បន្តទៀតថា ស្របពេលកម្លាំងពហិការភ្លូកទឹកភ្លូកដី របស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស លែងប្រើប្រាស់ផលិតផលប្រទេសថៃ ផលិតផលក្នុងស្រុក ដែលផលិតដោយកូនខ្មែរ ប្រើវត្ថុធាតុដើមខ្មែរ កំពុងជំនួសផលិតផលទាំងនោះ ជាមួយគ្នានេះខេត្តកែប ក៏នឹងមានម៉ាកយីហោ ត្រីខ និងទឹកត្រី ដាក់លក់លើទីផ្សារឆាប់ៗខាងមុននេះផងដែរ។
លោក ហ៊ឹម ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន សៃសាន់ អុីនវេសម៉ិន ឯ.ក បានឲ្យដឹងថា នេះជាការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ របស់លោកអគ្គនាយកក្រុមហ៊ុន ក្នុងការបោះទុនវិនិយោគផលិត ត្រីខ និងទឹកត្រីនេះឡើង ក្នុងន័យខ្មែរផលិត ដើម្បីខ្មែរ និងដើម្បីជីវភាពពលរដ្ឋខ្មែរ។ លោកថា ស្របពេលប្រជាពលរដ្ឋយើងពហិកាមិនប្រើផលិតផលប្រទេសថៃ តើយើងមានអ្វីសម្រាប់ជំនួស នេះជាហេតុផលដែលក្រុមហ៊ុនសម្រេចបង្កើតរោចក្រផលិត ត្រីខ និងទឹកត្រី នេះឡើង។
គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រី ក្រោមទំហំទុនវិនិយោគ ៧ លានដុល្លារ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅ ក្រៅតែពីផ្តល់ឱកាសការងារជាង២០០កន្លែង ដល់ពលរដ្ឋ ក្រុមហ៊ុន ក៏មានតម្រូវការខ្ពស់ដែរ ក្នុងការប្រមូលទិញត្រីពីប្រជានេសាទទាំងត្រីទឹកសាប និងត្រីទឹកប្រៃ ដូចជាត្រីកាម៉ុង ត្រីគួន ត្រីកាកឺមជាដើម៕
























