វិភាគអន្តរជាតិ៖ តើលោក ត្រាំ ចង់បានអ្វីពីដំណើរទស្សនកិច្ចទៅប៉េកាំង?
11-05-2026 21:02
(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាទីដែលមេដឹកនាំអាមេរិក ត្រូវបានរំពឹងថានឹងជួបលោកប្រធានាធិបតី ស៊ី ជីនពីង។ តាមក្រុមមន្ត្រីអាមេរិក លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំងអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលត្រូវប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ។
នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីឆ្នាំ២០១៧ ហើយវាក៏នឹងក្លាយជាជំនួបទល់មុខលើកដំបូងផងដែររវាងមេដឹកនាំនៃមហាអំណាចទាំង២ បន្ទាប់ពី បានជួបគ្នាក្នុងកិច្ចប្រជុំមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែតើសហរដ្ឋអាមេរិកចង់បានអ្វីពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ?
នៅប៉េកាំង លោក ត្រាំ ចង់បង្ហាញថាទំនាក់ទំនងរបស់លោកជាមួយលោក ស៊ី ជីនពីង អាចផ្ដល់ផលចំណេញទាំងសេដ្ឋកិច្ច និងសន្តិសុខយ៉ាងពិតប្រាកដល់សហរដ្ឋអាមេរិក។ ប្រធានាធិបតី ត្រាំ នឹងស្វែងរក ការគាំទ្រពីចិនសម្រាប់កិច្ចប្រឹងប្រែងរបស់លោកដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយអាចទទួលយកបានពីអ៉ីរ៉ង់ សំដៅបិទបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz។ រដ្ឋបាលលោក ត្រាំ ចង់បង្ហាញថាខ្លួនអាចនាំមកនូវយុត្តិធម៌ និងការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកក្នុងទំនាក់ទំនងសេដ្ឋកិច្ចដែលលោកបានអះអាងជាយូរណាស់មកហើយថាផ្ដល់ផលចំណេញទៅឱ្យចិនច្រើនជាង សហរដ្ឋអាមេរិក។ ក្នុងន័យនេះវាត្រូវតែមានការរួមបញ្ចូលការធានាឱ្យបានការប្ដេជ្ញាចិត្តពីចិនដើម្បីបង្កើនការទិញទំនិញ និងសេវាពីសហរដ្ឋអាមេរិក ជាពិសេសគឺផ្តោតទៅលើការទិញដែលផ្ដល់ផលចំណេញ ខាងសេដ្ឋកិច្ចដល់ផ្នែកជាច្រើននៃវិស័យសំខាន់ៗជាច្រើន ក្នុងនោះរួមមានកសិកម្ម ឱ្យបានមុនសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦។
ដោយយល់ថាចិនមិនបានអនុវត្តពេញលេញតាមការប្ដេជ្ញាចិត្តបង្កើនការទិញទំនិញពីសហរដ្ឋអាមេរិកនាពេលកន្លងមក នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល់ទី១ កាលពីឆ្នាំ២០២០ នៃអាណត្តិទី១ របស់លោក លោក ត្រាំត្រូវបានរំពឹងថានឹងប្រកាសពីការបង្កើត «ក្រុមប្រឹក្សាពាណិជ្ជកម្ម» មួយដែលមានសមាសភាពចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ដើម្បីតាមដានការអនុវត្តជាក់ស្ដែង ក្នុងគោលបំណងបង្ហាញឱ្យគេបានឃើញថាកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយចិនក្នុងពេលបច្ចុប្បន្នមានភាពខុសប្លែកពីកិច្ចព្រមព្រៀងមុនៗ។
បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏នឹងស្វែងរកផងដែរការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្ររបស់ចិន ដូចដែលលោក ត្រាំ និងលោក ស៊ី ជីនពីងបានឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលមួយនៅកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចសហប្រតិបត្តិការពីចិនដើម្បីទប់ស្កាត់លំហូរគ្រឿងផ្សំ និងថ្នាំញៀន fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ ប្រធានបទដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ដែរ នោះគឺការបង្កើត ក្របខណ្ឌការងារមួយសម្រាប់អនាគតនៃកិច្ចពិភាក្សាទ្វេភាគីលើ AI ជាពិសេសពាក់ព័ន្ធនឹងហានិភ័យ និងសុវត្ថិភាព។ ក្រៅពីនេះក្នុងជំនួបជាមួយលោក ស៊ី ជីនពីង លោក ត្រាំ អាចនឹងស្វែងរកការគាំទ្រពីចិន ដើម្បីជួយរូបលោកសម្រេចឱ្យបានកិច្ចព្រមព្រៀងមានប្រសិទ្ធភាពមួយរវាងរុស្ស៉ី និងអ៊ុយក្រែន បើទោះជាចិនត្រូវបានគេមើលឃើញថាបាន និងកំពុងបន្តផ្ដល់ការគាំទ្រជាប្រព័ន្ធដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ រុស្ស៉ីក៏ដោយ។ ចុងក្រោយគេ លោក ត្រាំអាចនឹងស្នើសុំជំនួយពីលោក ស៊ី ជីនពីង ក្នុងការជួយសម្រួលដល់ការស្ដារការទំនាក់ទំនងឡើងវិញជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងចិន សុទ្ធតែមានការរំពឹងថាអាចនឹងមានការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់សហរដ្ឋអាមេរិក នៅក្រោយកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំង។ វាក៏អាចទៅរួចដែរថាលោក ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង Shenzhen ប្រទេសចិននៅខែវិច្ឆិកាខាងមុខ ហើយលោក ស៊ី ជីនពីងទំនងជានឹងចូលរួម កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami នៅចុងឆ្នាំនេះ៕










