ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត

11-05-2026 21:09

(បាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជា អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង មន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាមសរុបប្រមាណ ១០០នាក់។

ថ្លែងនៅក្នុងពិធីនោះ លោកអនុរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម និង ប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» និង ផ្ដល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅឆ្នំា២០០៤, បច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាល ទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញ ក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំនិងការអនុវត្តអង្គភាព ថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ជាមួយនឹងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ជាឆ្អឹងខ្នងនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ ក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ និងត្រូវបានធ្វើបច្ចុប្បន្ន កម្មមកជាយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០២៥-២០២៨ ក្នុងគោលបំណង ប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជាទៅជា «ប្រព័ន្ធមួយដែល កាន់តែជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និង សន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ» សំដៅរួមចំណែកឆ្ពោះទៅ សម្រេចគោលដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

លោកអនុរដ្ឋលេខាធិការ បានរំលេចជូនអង្គពិធីថា ផ្អែកតាមបទពិសោធន៍ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ការបកស្រាយនិងការអនុវត្តរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅឃ្លាតពីក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន, ការពន្យារ ពេលអនុវត្តកិច្ចលទ្ធកម្មរបស់ស្ថាប័ន អនុវត្តលទ្ធកម្ម មួយចំនួននៅបន្តកើតមាន, ការផ្លាស់ប្តូរមន្ត្រី លទ្ធកម្មកើតមានញឹកញាប់ នៅតាមស្ថាប័នអនុវត្តលទ្ធកម្ម, ចំណេះដឹងនិងសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មនៅមានកម្រិត, ការតាមដាននិងវាយតម្លៃលើសមត្ថភាពជំនាញ របស់មន្ត្រីលទ្ធកម្មមិនទៀងទាត់, ការគ្រប់គ្រងការអនុវត្តកិច្ចសន្យា នៅមានកម្រិត, និង ចំណេះដឹងក្នុងការប្រើ FMIS មិនទាន់គ្រប់គ្រាន់។ ដើម្បីដោះស្រាយ បញ្ហាប្រឈមខាងលើ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលបានរៀបចំនិង ដាក់អនុវត្តបន្ថែម ជាបន្តបន្ទាប់ នូវលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនឹង កិច្ចលទ្ធកម្មសាធារណៈ។

លោកអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ច លើការកសាងនិងការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែន ការយុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំនិងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនិងវិក្រឹតការ ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ននិងអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។

តាមរយៈនេះ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី វិធាននិងបទប្បញ្ញត្តិ លទ្ធកម្មសាធារណៈ នាពេលនេះ ពិតជាមានសារៈសំខាន់ និង ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និង ការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕